ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវចាប់ឃាត់ខ្លួន ក្រោយពីបានប្រមូលលុយបានរហូតទៅដល់ជាង ៤ម៉ឺនដុល្លារ យកទៅលែងល្បែងស៊ីសងអស់ ហើយត្រូវបានខាងក្រុមហ៊ុនចាប់យកមកប្រគល់ឲ្យនោះ។
ការឃាត់ខ្លួននេះដែរត្រូវបានធ្វើឡើងកាលពីវេលាម៉ោង ៥ និង ៤៥នាទីល្ងាច ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧ នៅដេប៉ូចែកចាយស្រាបៀរអង្គរមួយកន្លែង ដែលមានទីតាំងនៅផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ អ៊ឹង ឆាយលាង អាយុ ៣២ឆ្នាំ មានតួនាទីជាប្រធានទីផ្សាររបស់ដេប៉ូចែយចាយស្រាបៀរអង្គរ ស្នាក់នៅផ្ទះលេខ ១២៩ ផ្លូវលេខ ១០ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ក្រោយពីបុរសម្នាក់ខាងលើ ដើរប្រមូលលុយទៅតាមអតិថិជនដែលមានជាវស្រាបៀរអង្គរយកទៅលក់បានលុយចំនួនជាង ៤ម៉ឺនដុល្លារ ហើយក៏បានយកទៅលែងល្បែងអស់ និងគេចមុខមិនចូលធ្វើបាត់មួយរយៈ ទើបខាងក្រុមហ៊ុនតាមរកឃើញនិងចាប់យកមកប្រគល់ឲ្យកម្លាំនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវតែម្តង។ក្រោយពីភាគីខាងក្រុមហ៊ុនចាប់បញ្ជូនបុរសជាជនសង្ស័យម្នាក់ខាងលើយកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវរួចហើយ រូបគេបានសារភាពថា «ខ្លួនពិតជាបានយកលុយដែលប្រមូលបានយកទៅលេងល្បែងចាញ់អស់ប្រាកដមែន និងក្រុមគ្រួសារកំពុងតែរត់ការរកប្រាក់មកសងក្រុមហ៊ុនវិញ»ផងដែរ។
ទោះបីជាទទួលបាននូវការសារភាពអំពីសំណាក់បុរសម្នាក់ខាងលើថានឹងរកប្រាក់សងក៏ដោយ តែក្រុមគ្រួសាររបស់គាត់បានប្រាប់ថា ពួកគាត់មិនមានលទ្ធភាពរកលុយមកដោះស្រាយឡើយ ហើយក៏បានធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្ត៕
មតិយោបល់