ព័ត៌មានជាតិ

រន្ធត់! រថយន្តស៊ីណាបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសចំណាស់២នាក់ស្លាប់និងរបួសធ្ងន់

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍នៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង រថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសចំណាស់ម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក ស៊ីណា ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AE-8801 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) លុះមកដល់ចំណុចកើតហេតុ ស្របពេលម៉ូតូបត់ឆ្វេងខ្លះការប្រុងប្រយ័ត្ន និងរួមផ្សំមកពីរថយន្តមានល្បឿនលឿន បុកម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានលេខ ពេញទំហឹង បណ្តាលឲ្យឈ្មោះ ជា ឈុនអេង ភេទប្រុស អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាហណ៍ ខេត្តកំពង់ធំ របួសធ្ងន់ និងអ្នករួមដំណើរ ឈ្មោះ អោ ណាត ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិពង្រលីង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅនិងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់