ព័ត៌មានជាតិ

បុរសពីរនាក់ បើកម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ទាំងពីរនាក់..!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរស២នាក់ ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវបានរថយន្តដឹកដែកធុនធំមួយគ្រឿង បុកពេញទំហឹងអូសទាំងម៉ូតូនិងមនុស្សជិត១០ម៉ែត្រ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទី យប់ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខបុរី ញូថោន ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត បង្ក បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ចំណែកម៉ូតូម៉ាក ហុងដាឌឌ្រីមសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1D-3822 ជិះគ្នាឌុបគ្នាដោយបុរស២នាក់ ក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់មុខបុរី ញូថោន ម៉ូតូបានបើក ឆ្លងផ្លូវ សំដៅបុរីញូថោន ក៏បានបុកគ្នា ជាមួយរថយន្តពេញទំហឹង ត្រូវបានរថយន្តកិនអូសទាំងម៉ូតូនិងមនុស្សជិត១០ម៉ែត្រ ធ្វើឲ្យបុរសទាំងពីរនាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើករថយន្ត បានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែង។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យនិងវាស់វែង ធ្វើកំណត់ហេតុ បញ្ជូនរថយន្តនិងម៉ូតូ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នា ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្ត ទួលក្រសាំង ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់