ព័ត៌មានជាតិ

ចាប់បានតៃកុង និងរថយន្តដឹកឈើពីយប់ ព្រឹកឡើងដោះលែង

ស្ទឹងត្រែងៈ តៃកុងរថយន្តសាំងយ៉ុងដឹកឈើប្រណីតមួយគ្រឿង ត្រូវបានដោះលេងឲ្យមានសេរីភាពវិញ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចំរុះឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចទីតាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ហួសផ្លូវបំបែកច្រមុះជ្រូកចំការមៃសាក់បន្តិច ជិតផ្ទះ តា អាយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពាក់ព័ន្ធនឹងការឃាត់រថយន្តខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ហាក់បីដូចជាមិនស្មើរភាពគ្នារវាងរថយន្តសាំយ៉ុងដឹកឈើសុក្រំរបស់ព្រះចៅអធិការវត្តមួយគ្រឿង ដែលមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសចាប់បានកាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅ ក្នុងភូមិរាជានុកូលក្រុងស្ទឹងត្រែង។

ប្រជាពលរដ្ឋបាននាំគ្នានិយាយថា រថយន្តសាំយ៉ុងដឹកឈើសុក្រំកន្លះរថយន្ត ដែលអាវុធហត្ថលើផ្ទៃប្រទេសចាប់ ព្រមទាំងឃាត់ខ្លួនមនុស្ស៣នាក់កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦កន្លងទៅនោះ រហូតមកដល់បច្ចុប្បន្ននេះ មនុស្សទាំង៣នាក់នោះ ត្រូវបានតុលាការចេញដីកាសម្រេចឃុំខ្លួនក្នុងពន្ធនាគាបណ្តោះអាសន្នចាប់តាំងពីថ្ងៃដែលសមត្ថកិច្ចឃាត់ខ្លួននោះមក។

ដោយឡែករថយន្តសាំយ៉ុងដឹកឈើសុក្រំលាយឈើប្រណីតជាច្រើនទៀត ដែលសមត្ថកិច្ចចម្រុះចាប់បានកាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ បែរជាសមត្ថកិច្ចដោះលែងតៃកុងរថយន្តទៅវិញ ដោយសត្ថកិច្ចនិយាយថា “តៃកុងរថយន្តបានចូលខ្លួនបង់ពិន័យអន្តរកាល”។

ភាពខុសគ្នារវាងការចុះបង្ក្រាបរថយន្តដឹកឈើទាំងពីរគ្រឿងខាងលើនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការមិនសប្បាយចិត្តជាខ្លាំង ចំពោះសមត្ថកិច្ច និងកម្លាំងជំនាញ ដោយសារការបង្ក្រាបមានភាពលំអៀង។

សូមបញ្ជាក់ថា រថយន្តដែលសមត្ថកិច្ចចាប់បានកាលពីយប់មិញនោះ គឺជាប្រភេទរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាក់លេខស្ទឹងត្រែង 2A-0180 រថយន្តនោះបានដឹកឈើប្រណីតពេញ​។

ក្រោយពីធ្វើការវាស់វែងកម្លាំងជំនាញបានប្រាប់ថា ឈើដែលនៅក្នុងរថយន្តនោះមានឈើប្រណីតប្រភេទធ្នង់ចំនួន៦០ដុំ ស្មើនឹង០,៣៨០ ម៉ែត្រគូប ឈើលេខ១ សុក្រំចំនួន៥៤ដុំ ស្មើនឹង៣,២១៥ម៉ែត្រគូប។

បច្ចុប្បន្នរថយន្តសាំយ៉ុងដឹកឈើខាងលើ ត្រូវបានកម្លាំងជំនាញអូសយកមករក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។ ចំណែកឯតៃកុងរថយន្ត ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០១៦នេះ៕

photo_2016-11-06_16-05-42photo_2016-11-06_16-05-37photo_2016-11-06_16-05-38photo_2016-11-06_16-05-39photo_2016-11-06_16-05-40-2photo_2016-11-06_16-05-40photo_2016-11-06_16-05-41photo_2016-11-06_16-05-42-2

មតិយោបល់