ព័ត៌មានជាតិ

លួចម៉ូតូពីខណ្ឌមានជ័យ មកជាប់អន្ទាក់ប៉ូលិសខណ្ឌចំការមន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេច ហើយបម្រុងយកទៅផ្ញើក្នុងមន្ទីរពេទ្យ ខណៈនោះសមត្ថកិច្ចខណ្ឌចំការមនកំពុងល្បាតបានប្រទះឃើញជនសង្ស័យជិះម៉ូតូអត់ស្លាកលេខ ដោយមានការសង្ស័យបានហៅឈប់សួរនាំទើបដឹងថា ម៉ូតូខាងលើ ជនសង្ស័យទើបនឹងលួចបាន ហើយកាច់ស្លាកលេខចោល សមត្ថកិច្ចក៏ឃាត់ខ្លួនតែម្ដង។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទៅប្រាប់ទីតាំងលួច ទើបម្ចាស់ម៉ូតូភ្ញាក់ផ្អើលដោយមិនដឹងថា ម៉ូតូរបស់ខ្លួនបានបាត់។

បើតាមសម្ដីម្ចាស់ម៉ូតូឈ្មោះ ស្រេង ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិដំណាក់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរលក់បាយឆា និងគុយទាវបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង២រលងអធ្រាត្រថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ខ្លួនបានត្រឡប់មកពីលក់ដូរវិញ ហើយបានចាក់សោម៉ូតូម៉ាក NEX ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1FM-44120 ចតទុកនៅមុខបន្ទប់ជួល ដោយខ្លួនអត់ងងុយពេកក៏បានដេកលក់ លុះវេលាម៉ោង១០ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបប៉ូលិសទៅដាស់គាត់ទើបដឹងថា ចោរលួចម៉ូតូគាត់។

ជនសង្ស័យឈ្មោះ នូវ ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលខាងក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកបក្ខពួកដែលរត់គេចខ្លួនបាត់ម្នាក់ទៀតមានឈ្មោះ អា ខ្នុយ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីចាត់ការបន្ត ។ ចំណែកម៉ូតូ សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់វិញ ហើយឲ្យម្ចាស់ដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការបន្តទៀត៕

photo_2016-11-06_15-35-57

មតិយោបល់