ព័ត៌មានជាតិ

អាជ្ញាធរហាមដាច់ខាត រថយន្តធុនធំចូល​ក្រុង ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញៈ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅ ថ្ងៃទី ១៣,១៤,១៥វិចិ្ឆកាខាងមុខនេះ បានឈានចូលជិតមកដល់ហើយ អាជ្ញាធររាជធានីភ្នំពេញនឹងប្រើប្រាស់កម្លាំង ជាង១ម៉ឺននាក់ ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ហើយរថយន្តធុនធំ ត្រូវហាមចូលក្រុងផងដែរ។

បើតាមការបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ជុំវិញវិធានការផ្សេងក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ព្រះរាជពិធីបុណ្យអុំទូកនេះ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គរងនគបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ និងលោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

លោកនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងពីគម្រោងផែនការ ដែលមានរៀបចំរួចជាស្រេចក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ដោយក្នុងនោះលោកនាយឧត្ដមសេនីយ៍បានបញ្ជាក់ថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ យើងនឹងប្រើប្រាស់កម្លាំងសរុបចំនួន១០០៣២នាក់ ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យរយៈពេល៣ថ្ងៃនេះ។ ក្នុងនោះយើងក៏បានបែងចែកចេញជា៣តំបន់ផងដែរ គឺតំបន់A តំបន់B និងតំបន់C និងបានដាក់គោលដៅបិតបើកចំនួន៧៥ទីតាំង ស្របពេលដែលឆ្នាំមុនៗមានរហូតដល់៨៩ទីតាំងឯណោះ។

លោកនាយឧត្ដមសេនីយ៍បានបន្តទៀតថា ក្នុងគម្រោងនេះ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងនៅលើកោះពេជ្រផងដែរ ដោយនៅលើកោះពេជ្រនេះ មានកន្លែងសិល្បៈរហូតដល់៤កន្លែង ហើយបើចប់សិល្បៈប្រជាពលរដ្ឋក៏នៅតែចេញចូលកោះពេជ្រច្រើនដែរ។ លោកបន្តថា ក្រៅពីនេះ កិច្ចការងារទប់ស្កាត់បទល្មើស ទប់ស្កាត់ភេវកម្មក៏បានប្រើប្រាស់កម្លាំងរាប់រយនាក់ផងដែរ។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ផែនការរបស់យើងបានរៀបចំឡើងបានល្អិតល្អន់ហើយ តែអ្វីដែលសំខាន់នោះ គឺការអុវត្តការងារនេះឲ្យបានល្អប្រសើរ ប្រើប្រាស់កម្លាំងទាំង ១០០៣២ នាក់នេះ ដោយធ្វើការផ្លាស់ប្តូរវេនគ្នាឲ្យបានល្អ ដើម្បីរក្សាកម្លាំងឲ្យនៅតែរឹងមាំ។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍បន្តទៀតថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ចាប់ពី ថ្ងៃទី ១២ ១៣ ១៤ និង១៥ វិចិ្ឆកា ខាងមុខនេះ គឺយើងមិនឲ្យមានបើកការដ្ឋានសាងសង់អ្វីទេ ក្នុងនោះសូម្បីតែរដ្ឋបាលរាជធានីក៏មិនឲ្យមានការដ្ឋានដែរ មានន័យថា ក្នុងរយះពេលនៃព្រះរាជពិធីបុណ្យនេះ មិនឲ្យមានការដ្ឋានដាច់ខាត។ ដោយឡែកសម្រាប់ រថយន្តធំៗ គឺដាច់ខាតមិនឲ្យចូលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតែម្តង។ ការអនុវត្តន៍បែបនេះ គឺដើម្បីសម្រួលចរាចរណ៍ក្នុងព្រះរាជពិធីបុណ្យ ស្របពេលដែរថ្ងៃធម្មតាមានការកកស្ទះទៅហើយនោះ៕

gssdha-3gssdha-1gssdha-2

មតិយោបល់