ព័ត៌មានជាតិ

បង្ក្រាបមួយ សល់ច្រើន! សមត្ថកិច្ចបង្ក្រាបល្បែងកន្ទុយលេខឃាត់ខ្លួនស្ត្រី២នាក់

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌដូនពេញ បានចេញប្រតិបត្តិការចុះទៅបង្ក្រាបល្បែងកន្ទុយលេខមួយកន្លែង ឃាត់ខ្លួនបានស្ត្រីដែលជាជនសង្ស័យចំនួន២នាក់ ដកហូតលុយសរុបជាង ៥០០ដុល្លារ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

ក្នុងប្រតិបត្តិការចុះចាប់បង្រ្កាបនោះ លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ការបង្ក្រាបល្បែងស៊ីសងនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ច្រកឌឿងហែម គីម ស៊ឺង ផ្លូវលេខ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ជា ប៊ុនណាត ភេទស្រីអាយុ៦៨ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ១២២E២Z ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (អ្នកទទួលកត់ឆ្នោត) និងទី២ឈ្មោះ ជា ស្រីមុំ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៥Eo ផ្លូវ លេខ១៤៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ (ជាអ្នកលេងកន្ទុយលេខ)។

លោកអធិការខណ្ឌដូនពេញបានបន្តទៀតថា ចំណែកវត្ថុតាងដែលដកហូតរួមមាន លុយចំនួន១៨១ដុល្លារ, លុយខ្មែរចំនួន ១៣៥០,០០០ រៀល, ម៉ាស៊ីនហ្វាក់ ចំនួន១គ្រឿង, ម៉ាស៊ីនគិតលេខចំនួន២គ្រឿង, ក្រដាស់កត់ភ្នាល់លេខឆ្នោតមួយចំនួន, ក្រដាស់ចេញលទ្ធផលឆ្នោតមួយដុំ រួមទាំងទូរស័ព្ទដៃចំនួន២គ្រឿងផងដែរ។បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូន និងសួរនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត។

ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងកន្ទុយលេខឆ្នោតវៀតណាមមួយករណីរបស់នគរបាលខណ្ឌដូនពេញនោះដែរ ត្រូវបានប្រជាពលរដ្ឋរង់ចាំមើល ថាតើអធិការនគបាលខណ្ឌដូនពេញ នឹងបន្តចាប់បង្រ្កាបតទៅដែរឬទេ ព្រោះថានៅក្នុងមូលដ្ឋានខណ្ឌដូនពេញ នេះសម្បូរទៅដោយល្បែងកន្ទុយលេខស្ទើរគ្រប់សង្កាត់ទៅហើយ ដោយអ្នកខ្លះបើកលេងយ៉ាងចំហរ និងអ្នកខ្លះទៀតបើកលេងដោយលួចលាក់ និងបង្កប់បើកចាក់ដោយអាងមានច្បាប់អាជីវកម្មឆ្នោតខ្មែរនោះ។ ចំណែកហាង អ៊ិនធឺណែត២៤ម៉ោង ដែលជាប្រភពល្បែងស៊ីសងគ្រប់សព្វគ្រប់នោះ ជាពិសេសការចាក់ភ្នាល់បាល់ដែល Count ចេញពីកាស៊ីណូយ៉ាងពេញបន្ទុកនោះ អាជ្ញាធរខណ្ឌដូនពេញ មិនបានយកចិត្តទុកដាក់មើលឡើយ ពោលគឺបណ្តែតបណ្តោយឲ្យមានការបើកទីតាំងជាច្រើនកន្លែងមិនតិចជាង៤០កន្លែងនោះទេ។

ដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ជាពិសេសអ្នករស់នៅជិតនិងហាងណេត ២៤ម៉ោងនោះមានការបារម្ភពីអនាគត កូនចៅរបស់ពួកគាត់ទៅថ្ងៃមុខព្រោះតែហាងណេត បានរីកដូចផ្សិតនៅក្នុងមូលដ្ឋានខណ្ឌដូនពេញនេះ។ ដូច្នេះហើយពួកគាត់ជាប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាល បានទទួចស្នើឲ្យលោកគួច ចម្រើន អភិបាលខណ្ឌដូនពេញនិងលោក ហួត ចាន់យ៉ារ៉ាន់ អធិការប៉ូលិសខណ្ឌ ឬក៏លោក ថោង ពិសិដ្ឋ មេបញ្ជាការខណ្ឌ គួរតែមានវិធានការចំពោះហាងអ៊ិនធឺណែត២៤ម៉ោង ដែលកំពុងតែរីករាលដាលច្រើនសម្បូរបែប នេះផង៕

បង្ក្រាបល្បែងកន្ទុយលេខ

បង្ក្រាបល្បែងកន្ទុយលេខ

បង្ក្រាបល្បែងកន្ទុយលេខ

បង្ក្រាបល្បែងកន្ទុយលេខ

បង្ក្រាបល្បែងកន្ទុយលេខ

មតិយោបល់