ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីភាពនិងជាហត្ថលេខី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់បន្តអនុវត្តឆ្នាំ២០១៧ ដល់២០១៩ រវាងរាជរដ្ឋាភិបាលកម្ពុជា សមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
កន្លងមកតាមរយៈនៃកិច្ចសហប្រតិបត្តិការយ៉ាងល្អរយៈពេល១៥ឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម ជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ធ្វើឲ្យទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ជាពិសេសការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញការវិនិយោគ និងធានាបាននូវនិរន្តភាព និងសក្ដានុពល នៃការនាំចេញផលិតផល នៃវិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើងនៅកម្ពុជា។
រោងចក្រ សហគ្រាស គ្រឹះស្ថាន បានបន្តរីកចម្រើនទៅតាមសន្ទុះ នៃកំណើនសេដ្ឋកិច្ច។ សហគ្រាស គ្រឹះស្ថានបានបន្តកើនទ្បើងជាលំដាប់ ជាក់ស្តែងគិតត្រឹមខែកញ្ញា ឆ្នាំ២០១៦ នេះ សហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ៩,២២៦ គ្រឹះស្ថាន កើនឡើង៨% ប្រៀបធៀបនឹងឆ្នាំ២០១៥ដែលនិយោជិកចំនួន ១,១៧០,៥៣០នាក់ កើនឡើង ៩% ប្រៀបធៀបឆ្នាំ២០១៥ ក្នុងនោះឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងស្បែកជើងចំនួន ១,១០៤ ដែលមានកម្មករនិយោជិកចំនួនជាង៧០ម៉ឺននាក់ និងបានផ្តល់ការងារដោយប្រយោល ដល់ប្រជាពលរដ្ឋប្រមាណជាង២លាននាក់។ រាជរដ្ឋាភិបាលកម្ពុជា មានជំហរយ៉ាងមុតមាំក្នុងការធានា ថាលក្ខខណ្ឌការងារ នៅក្នុងវិស័យវាយនភណ្ឌនៅកម្ពុជាសមស្របនឹងបទដ្ឋានការងារអន្តរជាតិរបស់ ILO ដែលទទួលស្គាល់ជាអន្តរជាតិ។ គោលបំណងដ៏សំខាន់ ដែលរាជរដ្ឋាភិបាលបន្តឲ្យមានគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គឺដើម្បីរក្សានូវប្រព័ន្ធវាយតម្លៃឯករាជ្យដែល អាចជឿទុកចិត្តបាន និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការធានាការអនុវត្តត្រឹមត្រូវនៃបទដ្ឋាន ការងារ ILO និងច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។
ការបន្តអនុស្សរណៈយោគយល់គ្នានាពេលនេះ នឹងកាន់តែបង្កើនភាពជាដៃគូរក្នុងកិច្ចសហការគ្នាសម្រេចឲ្យបាននូវ គោលដៅរួមដែលយើងបានដាក់ចេញ ផែនទីបង្ហាញផ្លូវរួមគ្នាឆ្ពោះទៅឆ្នាំ២០១៨ ដែលជាយុទ្ធសាស្រ្ត និងផែនការសកម្មភាពរួម សម្រាប់កិច្ចសហ ប្រតិបត្តិការលើការអនុវត្តន៍បទដ្ឋានការងារ ដោយផ្តោតសំខាន់លើការផ្ទេរចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ល្អៗ ពីគម្រោងរោចក្រកាន់តែ ប្រសើរ មកក្រុមអធិការកិច្ចការងាររបស់ក្រសួង ដើម្បីបំពេញកិច្ចការងារឲ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ក្នុងការត្រួតពិនិត្យ តាមដាន វាយតម្លៃការអនុវត្តន៍ច្បាប់របស់សហគ្រាស គ្រឹះស្ថាន និងការពង្រឹងសមត្ថភាពកម្មករនិយោជិក និងអ្នកគ្រប់គ្រងនៃសហគ្រាស គ្រឹះស្ថាន ក្នុងការកែលម្អរលក្ខខណ្ឌការងារ អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ៕
មតិយោបល់