ព្រះវិហារៈ ក្មេងស្រីម្នាក់ ត្រូវរថយន្តកុងតឺន័របុក និងកិនស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយសាកសពខ្មេច មើលលែងយល់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៦៤ នៅចំណុចខ្នងគោល ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីណូ១៥តោន(៥ភ្លៅ) ពណ៌ក្រហម ខៀវ ពាក់ស្លាកលេខព្រៃវែង 3A-0287 អ្នកបើកបរដោយឈ្មោះ ធឿន ភារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និង អ្នករួមដំណើរម្នាក់ឈ្មោះ ផុន វ៉ាន់ធឿន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ចំណែកក្មេងស្រីឈ្មោះ ម៉េង សុជាតា អាយុ៥ឆ្នាំ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ហើយឃាត់រថយន្តបង្ក និងអ្នកបើកបរ ដើម្បីយកមកសាកសួរ។ ចំណែកសាកសពក្មេងស្រី បានប្រគល់ជូនឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់