បន្ទាយមានជ័យៈ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន១៦នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជាបន្តបន្ទាប់នៅក្រុងសិរីសោភ័ណ និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកវរសេនីយ៍ត្រី ង៉េង សុជា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើការបង្ការបង្ក្រាប បទល្មើសគ្រឿងញៀន ក្នុងរយៈ៣ថ្ងៃ កម្លាំងរបស់លោកសហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជាបន្តបន្ទាប់ នូវជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន១៦នាក់ ក្នុងនោះមានម្នាក់ឈ្មោះ ឆេង គឹមឡាក់ ហៅឡាក់ ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអ្នកចែកចាយគ្រឿងញៀន។
ការឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចបានដកហូតបានគ្រឿងញៀនប្រភេទក្រាមពណ៌សថ្លាចំនួន២កូនថង់តូច ស្មើនឹង០.៤៤ក្រាម គ្រាប់កាំភ្លើងចំនួន៥គ្រាប់ ទូរសព្ទដៃចំនួន១២គ្រឿង ដាវសាម៉ូរ៉ៃ១ដើម និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
លោកវរសេនីយ៍ឯក ចាប សុផាឫទ្ធិ ស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើស បានឲ្យដឹងថា នេះគឺជាករណីបង្ក្រាបសម្បុកមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងដ៏ធំមួយ ដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់។ ចំពោះលទ្ធផលដែលទទួលបាននេះ ក៏ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពីលោកមាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យនោះផងដែរ។
លោកស្នងការរង បានបញ្ជាក់ថា ជនសង្ស័យជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់ត្រូវបានកម្លាំងនគរបាលជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ រួចហើយ៕





មតិយោបល់