កំពង់ធំៈ យ៉ាងហោចណាស់ជនបរទេស១១នាក់ រងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍ក្រឡាប់រថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿង កាលពីវេលាម៉ោង៩និង៣៨នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវអាស៊ានវាងក្រុងស្ទឹងសែន ស្ថិតនៅ ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បាននិយាយឲ្យដឹងថា នៅមុន ពេលកើតហេតុ ពួកគាត់ឃើញរថយន្តក្រុងប្រភេទ២៤កៅអី១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3D-3279 ក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង គឺពីខេត្តសៀមរាប ទៅភ្នំពេញ ពេល មកដល់កន្លែងកើត មានផ្លូវបំបែកជា៤ ទៅភូមិត្រពាំងព្រលិត ក៏មានម៉ូតូ១គ្រឿង បើកចេញ ឆ្លងកាត់ផ្លូវពីកើតទៅលិច បណ្ដាលរថយន្តក្រុងវាក់អើ ក៏បួងចង្កូត ជ្រុលមកស្ដាំ ហើយធ្លាក់ពី លើចិញ្ចើមផ្លូវ ក្រឡាប់៣ត្រឡប់ បណ្ដាលអ្នកដំណើរជនបរទេស១១នាក់ រងរបួសធ្ងន់ និងស្រាល។ ចំណែកភាគីខាងម៉ូតូមិនមានគ្រោះថា្នក់អ្វីនោះទេ។
ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចក្រុងស្ទឹងសែន ដែលកំពុងធ្វើអន្តរាគមន៍ នៅកន្លែងកើតហេតុនេះ បាននិយាយឲ្យដឹងថា អ្នកធ្វើដំណើរ នៅលើរថយន្តក្រុងប្រភេទ ទេសចរណ៍២៤កៅអីនេះ សុទ្ធតែជនជាតិបរទេសនៅក្នុងមនុស្ស១១នាក់ ដែលរងរបួសនេះ គឺមានមនុស្ស៤នាក់រងរបួសធ្ងន់ សុទ្ធតែមនុស្សស្រី ហើយជនរងគ្រោះទាំងធ្ងន់ ទាំងស្រាលនេះ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរឯកជន៥១៥។ ចំណែកអ្នកបើកបររថយន្ដក្រុង បានរត់គេចខ្លួនបាត់ស្រមោល៕
មតិយោបល់