ព័ត៌មានជាតិ

ឃ្លាំងស្តុកគ្រឿងសំណង់មួយកន្លែង ត្រូវបានចោរគាស់លួចយកទ្រព្យសម្បត្តិរាប់ពាន់ដុល្លារ សមត្ថកិច្ចរុញដាក់គ្នា!

តាកែវៈ ត្រឹមរយៈពេល៣ថ្ងៃជាប់គ្នា ចាប់តាំងពីថ្ងៃទី៩វិច្ឆិកា រហូតដល់ថ្ងៃ១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រុមចោរយ៉ាងសកម្ម ដែលប្រដាប់ដោយដែកគាស់កន្ត្រៃ បានចេញប្រតិបត្តិការជិះរម៉កម៉ូតូ ធ្វើសកម្មភាពគាស់ផ្ទះលក់គ្រឿងសំណង់ មួយកន្លែង លួចយកសម្ភារៈជាច្រើន គិតជាទឹកប្រាក់អស់រាប់ពាន់ដុល្លារ បើក្រឡែកមើក សមត្ថកិច្ចវិញ ហាក់បីដូចជា ធ្វើមិនដឹង បណ្តោយឲ្យក្រុមចោរខាងលើរួចខ្លួនបានរហូត ខណៈដែលសម្ភារៈសំណង់ ដែលបាត់ទាំងនោះ ត្រូវបានគេឃើញ មានដាក់លក់នៅតាមផ្ទះរបស់អ្នកលក់គ្រឿងសំណង់ដូចៗគ្នាដែលនៅក្បែរៗនោះ នេះបើតាមការឲ្យដឹងពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកបាទី ។

ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងទៀតថា ផ្ទះលក់គ្រឿងសំណង់ដែលត្រូវពួកចោរគាស់ជញ្ជាំងចូលលួចយកសម្ភារៈរយៈពេល៣ថ្ងៃជាប់គ្នា នេះមានយីហោ រដ្ឋា វ៉ារី ដោយមានម្ចាស់ឈ្មោះ ហេង រដ្ឋា អាយុ៣២ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ប៉េង វ៉ារី អាយុ៣៣ឆ្នាំ រស់នៅភូមិស្មៅខ្ញី ខាងមុខសាលារៀនស្មៅខ្ញី ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

បើតាមម្ចាស់ផ្ទះឈ្មោះ ហេង រដ្ឋា បានឲ្យដឹងថាក្រុមចោរបានមកគាស់ផ្ទះគាត់ចូលយកសម្ភារៈសំណង់ចំនួន ៣លើក សម្រេចបាន២លើក ខណៈរូបគាត់និងប្រពន្ធកូនដេកក្នុងបន្ទប់។ គាត់បានបន្តឲ្យដឹងទៀតថា យប់ម៉ោងប្រហែល១០ -១១ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមចោរបានធ្វើសកម្មភាពគាស់ជញ្ជាំងផ្ទះចូលយកថ្នាំប៉េត្រូអស់១៨ធុង ។ យប់ម៉ោង១២ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ពួកគេបានមកម្តងទៀត ចូលធ្វើសកម្មភាពលួចយកសម្ភារៈអស់ជាច្រើន មានថ្នាំប្រេងប៉េត្រូ សរុបជាទឹកប្រាក់ជាង២០០០ ដុល្លារ។ ចំណែកយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១នេះ ក្រុមចោរខាងលើ បានមកធ្វើសកម្មភាពម្តងទៀត តែតែមិនបានសម្រេច បន្ទាប់ពីរូបគាត់បានឭសម្លេងម៉ូតូរ៉ឺម៉ក ឈប់នៅមុខផ្ទះក៏បើកភ្លើងបំភ្លឺ ធ្វើឲ្យក្រុមចោរភ័យក៏ប្រញាប់គេចខ្លួនបាត់ទៅតែម្តង។

ជនរងគ្រោះជាម្ចាស់ផ្ទះបានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦គាត់បានទៅដាក់ពាក្យបណ្តឹងនៅនគរបាលព្រហ្មទណ្ឌស្រុកបាទី ពេលនោះលោកអធិការងឈ្មោះ ឃុត ឡូ បានឲ្យគាត់មកប្តឹងនៅប៉ុស្តិត្រពាំងសាប វិញលុះដល់ម៉ោងជិត១២ថ្ងៃត្រង់ ឃើញលោកមេប៉ុស្តិ៍ ឈ្មោះ វឿន បានមកដល់ផ្ទះគាត់រួចក៏ត្រឡប់ ទៅវិញប្រាប់ថាទៅយកឯកសារធ្វើកំណត់ហេតុសាកសួររហូតដល់ថ្ងៃរសៀលទើបឃើញមកធ្វើការសាកសួរនិងប្រាប់ឲ្យដឹងថាមិនទាន់ មានបទបញ្ជាឲ្យស្រាវជ្រាវចាប់មុខសញ្ញាសង្ស័យនៅឡើយ។

ម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងទៀតថា សម្ភារៈគ្រឿងសំណង់របស់គាត់ដែលបាត់បង់នោះ ឃើញមាននៅផ្ទះលក់សំណង់ដូចគ្នា គឺនៅផ្ទះលក់គ្រឿងសំណង់ជាប់ខ្លោងទ្វារចូលវត្តអង្គ រុន និងមួយកន្លែងទៀតនៅក្បែរវត្តអង្គសឹង្ហ។ អ្នកលក់គ្រឿងសំណង់ទាំងនោះប្រាប់ថាទិញពីមនុស្សប្រុស២នាក់ជិះរម៉កម៉ូតូតែមិនស្គាល់អត្តសញ្ញាណនោះទេ។

ទាក់ទងនឹងបញ្ហានេះដែរ ប្រជាពលរដ្ឋបានសម្តែងការងឿងឆ្ងល់ថា ហេតុអីសមត្ថកិច្ចនគរបាលស្រុកបាទី រុញដាក់គ្នាអញ្ចឹង ជនរងគ្រោះទៅប្តឹងគឺសង្ឃឹមថាសមត្ថកិច្ចស្រាវជ្រាវចាប់ចោរលួចអនុវត្តតាមច្បាប់ និងជួយយកវត្ថុតាងដែលចោរលួចទៅនោះបានមកគាត់វិញ ដឹងអីស្រុកថាប៉ុស្តិ៍ ឯប៉ុស្តិ៍វិញថាស្រុក ពួកចោររួចខ្លួនដើរធ្វើសកម្មភាពពេញស្រុកយ៉ាងកគ្រឹកគគ្រេងបែបនេះ។ ជាពិសេស ពួកគាត់ បាន ស្នើសូមឲ្យ ស្នងការនគរបាលខេត្តតាកែវលោក អ៊ុក សំណាង ជាពិសេសលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិជួយកម្ចាត់ពួកចោរលួច ប្លន់នៅស្រុកបាទីផង ៕

គាស់ឃ្លាំងស្តុកសម្ភារៈគាស់ឃ្លាំងស្តុកសម្ភារៈគាស់ឃ្លាំងស្តុកសម្ភារៈគាស់ឃ្លាំងស្តុកសម្ភារៈគាស់ឃ្លាំងស្តុកសម្ភារៈ

មតិយោបល់