ព័ត៌មានជាតិ

ស្គាល់អត្តសញ្ញាណសពនារីម្នាក់ ដែលឃាតកសម្លាប់ ហើយរុំភួយ រួចយកទៅប្លុងចោលនៅលើគំនរសំរាមហើយ

ភ្នំពេញ: បន្ទាប់ពីមានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពមនុស្សម្នាក់ ត្រូវបានជនមិនស្គាល់មុខសម្លាប់ រួចរុំសាកសពជាមួយភួយ ហើយយកទៅប្លុងចោលនៅលើគំនរសំរាមមួយកន្លែង នៅចំណុចក្បែរដងផ្លូវបេតុង១០០៣ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រហូតមកដល់រសៀលថ្ងៃដដែលនេះ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពដែលប្រជាពលរដ្ឋប្រទះឃើញខាងលើជាមនុស្សស្រី មានឈ្មោះ កែវ កញ្ញា អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្លឹប៥៥ ស្នាក់នៅផ្ទះលេខ១១៤៧ លេខ២ ក្រុម១២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បើតាមការរៀបរាប់ពីបុរស មានមុខរបររើសអេតចាយម្នាក់ឈ្មោះ ខេង គួក ហៅជ្រូក អាយុ៤២ឆ្នាំ បានឲ្យដឹងថា មុនកើតហេតុគាត់បានទៅរើសអេតចាយនៅចំណុចកើតហេតុហើយបានឃើញភួយពណ៌ក្រហម ពេលនោះគាត់បានទៅទាញភួយមកមើល ស្រាប់តែឃើញជើងសពនារីខាងលើ ក៏បង្កឲ្យមានការភ្ញាក់ផ្អើល និងប្តឹងសមត្ថកិច្ចមូលដ្ឋានតែម្ដង។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យលើសាកសពបានឲ្យដឹងថា សាកសពនារីខាងលើ ត្រូវបានឃាតកសម្លាប់ ហើយយកភួយផ្កាពណ៌ក្រហម១ ភួយពណ៌ផ្កាឈូកលាយស១ កន្សែងពោះគោពណ៌ស្វាយ១រុំ ហើយយកខ្សែនីឡុងប្រវែង៩ម៉ែត្រ២តឹក និងឌុយខ្សែភ្លើង ប្រវែង១ម៉ែត្រ៤២តឹក រឹតជាប់កសពស្ត្រី។ ពិនិត្យជាប់សាកសព ត្រូវបានសមត្ថកិច្ចដឹកយកមកធ្វើកោសល្យវិច័យបន្តនៅវត្តក្រាំងធ្នង់។

ប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា នៅថ្ងៃកើតហេតុនារីរងគ្រោះសម្រាកអត់ធ្វើការ ទេ ហើយនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា បានជិះម៉ូតូម៉ាកស្កុកពីមួយគ្រឿង និងទូរសព្ទមួយគ្រឿងចេញពីផ្ទះ ដោយប្រាប់ថា ទៅជួបមិត្តភក្កិ បន្តិចទៀតត្រឡប់មកវិញ ហើយនាំបងប្អូនទៅដើរលេងបុណ្យអុំទូក ស្រាប់តែចេញទៅបាត់រហូត តែសាច់ញាតិមិនបានចាប់អារម្មណ៍ទេ ដោយសារនារីរងគ្រោះធ្លាប់ធ្វើការយប់ៗ។ លុះព្រឹកឡើងឮដំណឹងថា មាននារីម្នាក់ ត្រូវឃាតករឹតកសម្លាប់រុំភួយយកទៅប្លុងចោល ក៏នាំគ្នាទៅមើល ទើបដឹងថា សាកសពខាងលើនេះ ជាសាច់ញាតិពិតប្រាកដមែន។

ក្រោយពីពិនិត្យរួចសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចជំនាញអះអាងថា ជាករណីរឹតកសម្លាប់ប្លន់យកម៉ូតូនិងទូរសព្ទ។ ទោះជាយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវមុខសញ្ញាជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕

photo_2016-11-16_23-14-00

photo_2016-11-16_23-14-03

photo_2016-11-16_23-14-05

photo_2016-11-16_23-16-00

photo_2016-11-16_23-16-02

photo_2016-11-16_23-16-04

photo_2016-11-16_23-16-06

photo_2016-11-16_23-16-07

photo_2016-11-16_23-16-09

photo_2016-11-16_23-16-11

មតិយោបល់