ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មានករណីថយរថយន្តបត់ត្រឡប់ ប៉ះម៉ូតូកង់បីបណ្ដាលឲ្យរងការខូចខាត ស្ថិតត្រង់ចំណុចមុខផ្សារសំណង់១២ ផ្លូវ១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក Mazada2 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AW-1171 បើកបរដោយនារីរូបស្រស់ម្នាក់មិនស្គាល់ឈ្មោះ។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់រួមជាមួយមិត្តភក្តិ ទើបចេញពីញ៉ាំអីនៅហាងមួយ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម បន្ទាប់ពីចេញមកវិញនាងបានជិះរថយន្តទៅទិញទាខ្វៃនៅក្លោងទ្វារផ្សារសំណង់១២ យកទៅញ៉ាំនៅផ្ទះ ប៉ុន្តែអ្នកលក់បិទតូបអស់ក៏បើកបត់រថយន្តត្រឡប់មកវិញ ស្រាប់តែប៉ះនឹងរ៉ឺម៉កកង់បីឈប់ស្ងៀមមួយកន្លែង បណ្ដាលឲ្យរងការខូចខាតទាំងសង្ខាង ដោយមានភាពមិនសុខចិត្តព្រោះខ្លួនបានធ្វើខុស ក៏ចុះពីរថយន្តសួរនាំចរចាចេញថ្លៃខូចខាត តែសំណាងមិនល្អត្រូវជនឆ្លៀតឱកាស បើកទ្វាររថយន្តយកកាបូបទៅបាត់ក្នុងកាបូបនោះមាន ប្រាក់ចំនួនជាង ២០០ដុល្លារ កាតធនាគារ លុយរៀលខ្មែរមួយចំនួន មាស និងទូរស័ព្ទម៉ាក iphone7 ខណៈពេលកំពុងសម្របសម្រួលហើយមានពលរដ្ឋ និងក្រុមម៉ូតូកង់បីជាច្រើនមកជួយដោះស្រាយ គ្រាន់ឮថានាងបាត់កាបូបភ្លាមនាំគ្នាភៀសខ្លួនចេញអស់ពីកន្លែងកើតហេតុតែម្ដង ។
បញ្ជាក់៖ ក្រោយពេលកើតហេតុ រូបនាងមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទេ ៕





មតិយោបល់