ព័ត៌មានជាតិ

ត្រឹមរយៈពេល មិនទាន់បាន ១ម៉ោង ស្រួលបួលផង ប្លន់បានសម្រេច ៣ករណី ក្នុងទឹកដីក្រុងភ្នំពេញ

ភ្នំពេញ: ករណីប្លន់ ៣លើកផ្ទួនៗ ក្នុងថ្ងៃតែមួយ និងពេលវេលាមិនលោះគ្នា ហួស ១ម៉ោងសោះ ចន្លោះម៉ោង១០-១១ យប់ថ្ងៃទី០១ ឧសភា ២០១៦ នេះ ស្រាប់តែភាពអសកម្ម ត្រូវបានកើតឡើងបន្តបន្ទាប់គ្នា ក្នុងទីប្រជុំជនផ្សេងៗគ្នា ញ៉ាំងឱ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចបំផុត ពីសំណាក់ប្រជាពលរដ្ឋ ក្នុងតំបន់ និងអ្នកធ្វើដំណើរតាមដងផ្លូវនានា ពេលយប់ព្រលប់។

ករណីទី១៖ ប្តីប្រពន្ធមួយគូ ត្រូវបានជនប្រដាប់អាវុធ ៤នាក់ ភ្ជង់ និងវាយប្លន់យកម៉ូតូ ១គ្រឿង បានសម្រេច នាវេលាម៉ោង១០ យប់ថ្ងៃទី០១ ឧសភា ២០១៦ នេះ ត្រង់ចំណុច ក្រោយរមណីយដ្ឋានចម្ការព្រីង ផ្លូវកាំកូថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានសម្រេច។ មុនពេលកើតហេតុ ជនរងគ្រោះ ប្តីប្រពន្ធ បានជិះម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ លុះមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានជនសង្ស័យ មានគ្នា ៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកសង់ សេ១២៥ ពណ៌ខ្មៅ និង FTR ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1AX-5432 ប្រដាប់ដោយអាវុធ បានធ្វើការស្ទាក់ប្លន់ និងជិះរត់គេចខ្លូនបាត់សម្រេច ទុកឱ្យជនរងគ្រោះស្រែកឆោរឡោ ខណ:ប្រជាពលរដ្ឋអ្នកជិតខាង មកចោមរោមមើលអ៊ូរអរ។ បច្ចុប្បន្ន មន្ត្រីមានសមត្ថកិច្ច កំពុងចុះអន្តរាគមន៍។ បន្តិចទៀតនេះ Post News នឹងបន្តផ្សាយនូវព័ត៌មានពឹស្តារ បន្ថែមទៀត៕

ករណីទី២៖ បុរសម្នាក់ ជិះម៉ូតូមកយកប្រពន្ធនៅផ្ទះមីង ដើម្បីត្រលប់ទៅផ្ទះរបស់ខ្លួនវិញ ត្រូវជនសង្ស័យ ៣នាក់ជិះម៉ូតូ ២គ្រឿងម៉ាក Socoopy និង Honda Dream ប្រដាប់ដោយបំពង់ទីបដែក ធ្វើសកម្មភាពវាយប្លន់ យកម៉ូតូទៅបាត់ ម៉ាកHonda Dream 2016 ពាក់ស្លាកលេខ ភ្នំពេញ 1FU-3238 ដោយសុវត្ថិភាព។ ហេតុការណ៌នេះ បានកើតឡើងនៅ វេលាម៉ោង ១០៖៣០នាទី យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំនុចក្បែរ បន្ទាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ អូម សោម ភេទប្រុស អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅ ខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ករណីទី៣៖ នារី ២នាក់ ជិះម៉ូតូមកពីដើរលេង នៅកោះពេជ្រ ត្រូវបានជនសង្ស័យ ២នាក់ ជិះម៉ូតូ Zoomer-X មួយគ្រឿង ប្រដាប់ដោយអាវុធខ្លី ១ដើម មិនស្គាល់ម៉ាក ធ្វើសកម្មភាពភ្ចង់ ប្លន់យកម៉ូតូ ទៅបាត់ ដោយសុវត្ថិភាព ត្រង់ចំនុចផ្លូវ១២៥ កែង ១៨២ ស្ថិតក្នុង សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នាវេលាម៉ោង១១:០០នាទីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេ។ បើតាមសំដី នារីរងគ្រោះទាំង ២នាក់ បានប្រាប់ថា មុនកើតហេតុ គឺអ្នកទាំង២ បានជិះម៉ូតូម៉ាក Zoomer-X ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-9671 លុះមកដល់ចំណុចកើតហេតុ ក៏លេចមុខជនល្មើស ២នាក់ ជិះម៉ូតូមួយគ្រឿង និងប្រដាប់ដោយកាំភ្លើងខ្លី ១ដើម បានធ្វើសកម្មភាពភ្ជង់ប្លន់ យកតែម្តង។ ក្រោយពីក្រុមចោរប្លន់ យកម៉ូតូទៅបាត់ នារីរងគ្រោះទាំង ២នាក់ បានត្រឹមតែមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍បឹងព្រលឹត ទាំងសោកស្តាយ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្នុងមួយយប់សោះ ករណីប្លន់ ៣លើក បន្តកន្ទុយគ្នា មិនលោះមួយម៉ោងសោះ ក្នុងរាជធានីភ្នំពេញ តើមន្ត្រីមានសមត្ថកិច្ច នឹងមានវិធានការ យ៉ាងណាខ្លះ ចំពោះភាពអសកម្មទាំងនេះ?៕

photo_2016-05-02_00-04-20 photo_2016-05-02_00-04-16 photo_2016-05-02_00-04-13 photo_2016-05-01_22-50-02 photo_2016-05-01_22-50-00 photo_2016-05-01_22-49-57

មតិយោបល់