ព័ត៌មានជាតិ

ពលរដ្ឋស្នើឲ្យ​អាជ្ញាធរជួយអន្តរាគមន៍ បញ្ហាភ្លើងអគ្គិសនីឡើងថ្លៃ ការសុំទឹកស្អាតប្រើប្រាស់ គ្រូជំរិតលុយសិស្ស និងគ្រឿងញៀន

ភ្នំពេញៈ បញ្ហាភ្លើងអគ្គិសនីឡើងថ្លៃស្រេចចិត្ត ការសុំទឹកស្អាត ដើម្បីប្រើប្រាស់ គ្រូជំរិតលុយសិស្សនៅតាមសាលារៀន និងគ្រឿងញៀនជាប្រធានបទមួយ ដែលប្រជាពលរដ្ឋលើកឡើង ដើម្បីសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ នៅក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលាខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកា ក្រោមអធិបតីភាពលោកស្រី មុំ សណ្តាប់ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ទីរអាជ្ញាធរដែនដី រួមនិងប្រជាពលរដ្ឋរាប់រយនាក់។

ប្រជាពលរដ្ឋបានលើកឡើងថា ភ្លើងអគ្គីសនីនៅក្នុងមូលដ្ឋានរបស់ពួកគាត់នៅក្នុងខណ្ឌដង្កោបានឡើងថ្លៃស្រេចចិត្តរបស់អគ្គិសនីកម្ពុជា។ ពួកគាត់បញ្ជាក់ថា ខែខ្លះភ្លើងក្នុងមួយខែអស់ត្រឹមតែជាង២ម៉ឺនរៀល តែខែខ្លះឡើងដល់៧ទៅ៨ម៉ឺន ហើយនៅពេលពួកគាត់ស្តីថា និងតវ៉ានៅចំពោះមុខមន្ត្រីអគ្គិសនីទាំងនោះ ក៏ស្រាប់តែចុះមួយខែ ហើយនៅពេលភ្លេចខ្លួនក៏ឡើងបន្តទៀត ស្របពេលដែលការប្រើប្រាស់ភ្លើងនៅក្នុងផ្ទះរបស់ពួកគាត់នៅដដែល មិនបានបន្ថែមអំពូលភ្លើង ឬឧបករណ៍ផ្សេងទៀតនោះ។

ប្រជាពលរដ្ឋបន្ថែមថា អគ្គិសនីកម្ពុជា បើមិនបានជួយពួកគាត់ទេ កុំតែដំឡើងថ្លៃភ្លើងស្រេចតែចិត្តបានហើយ ការធ្វើបែបនេះ គឺធ្វើបាបប្រជាពលរដ្ឋក្រីក្រហើយ។ ក្រៅពីការលើកជាសំណូមពរខាងលើ ប្រជាពលរដ្ឋក៏បានលើឡើងពីបញ្ហាមន្ត្រីរបស់រដ្ឋាករទឹកស្វ័យភ្នំពេញផងដែរ ដោយពួកគាត់និយាយថា មានមន្ត្រីរបស់រដ្ឋាករទឹកស្វ័យភ្នំពេញខ្លះ ចូលផ្ទះប្រជាពលរដ្ឋដើម្បីមើលកុងទ័រទឹក មិនសុំការអនុញ្ញាតពីម្ចាស់ផ្ទះឡើយ គឺចេញចូលស្រេចតែចិត្ត មិនមានក្រមសីលធម៌ទាល់តែសោះ។ ទង្វើបែបនេះធ្វើឲ្យពួកគាត់ភ័យខ្លាចពីបញ្ហាសន្តិសុខ ដោយក្រុមជនល្មើសក៏អាចបន្លំខ្លួនធ្វើជាមន្ត្រីរបស់រដ្ឋាករទឹកស្វ័យភ្នំពេញបានដែរ ក្នុងការធ្វើជាសកម្មភាពបទល្មើសផ្សេងៗនៅក្នុងផ្ទះរបស់ពួកគាត់។

ក្រៅពីនេះ ប្រជាពលរដ្ឋក៏បានសុំជួយអន្តរាគមន៍លើបញ្ហា គ្រូបង្រៀនជំរិតយកលុយសិស្សតាមសាលារៀនរបស់រដ្ឋផងដែរ ស្របពេលដែរក្រសួងអប់រំកំពុងតែធ្វើការកែទម្រង់ឲ្យកាន់តែល្អប្រសើរឡើងនោះ។ ចំឡែកបញ្ហាគ្រឿងញៀនវិញប្រជាពលរដ្ឋសុំឲ្យសមត្ថកិច្ចនៅពេលបំផ្លាញគ្រឿងញៀនចោលនោះ សូមឲ្យប្រជាពលរដ្ឋបានចូលរួមផង។

លោកស្រី ម៉ក់ វណ្ណស៊ីថា បានមានប្រសាសន៍លើកឡើងថា នៅក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលាខណ្ឌដង្កោ នៅពីព្រឹកថ្ងៃទី១៧ វិច្ឆិកានេះមានបងប្អូនប្រជាពលរដ្ឋលើកឡើងជាសំណួរ សំណើ សំណូមពរផ្ទាល់មាត់២៥បញ្ហា និងសំណួរ សំណើ សំណូមពរនៅក្នុងប្រអប់សំបុត្រចំនួន៥៤ សំបុត្រ ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញជួយអន្តរាគមន៍។ លោកស្រីបញ្ជាក់ថា សំណួរ សំណើ សំណូមពររបស់ប្រជាពលរដ្ឋមួយចំនួនបានដោះនៅក្នុងវេទិការសាធារណៈនេះ មួយចំនួនទៀតដោះស្រាយនៅពេលក្រោយ តែបើសំណួរ សំណើ សំណូមពរណាដោះស្រាយមិនបានយើងនឹងសុំគោលការបន្តទៅថ្នាក់លើដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត។

លោកស្រី ម៉ក់ វណ្ណស៊ីថាបន្តថា នៅក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលាខណ្ឌដង្កោកាលពីឆ្នាំ២០១៥កន្លងមក មានប្រជាពលរដ្ឋបានលើកឡើងជាសំណួរ សំណើ សំណូមពរចំនួន៨២បញ្ហា ក្នុងនោះយើងដោះស្រាយបាន៣៧បញ្ហា ដាក់ចូលក្នុងផែនការអភិវឌ្ឍន៍ខណ្ឌចំនួន៩បញ្ហា នៅសល់៣៦បញ្ហា៕

photo_2016-11-17_14-13-16photo_2016-11-17_14-13-11photo_2016-11-17_14-13-13photo_2016-11-17_14-13-14-2photo_2016-11-17_14-13-14photo_2016-11-17_14-13-15-2photo_2016-11-17_14-13-15

មតិយោបល់