ភ្នំពេញៈ ជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក បង្រ្កាបចាប់ឃាត់ខ្លួនបាន និងមនុស្សប្រុស ស្រីចំនួន២នាក់ផ្សេងទៀត សង្ងំពួនក្នុងបន្ទប់ ត្រូវបានសមត្ថកិច្ចឃើញឃាត់ខ្លួននាំយកទៅសាកសួរ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យជួញដូរគ្រឿងញៀន មានឈ្មោះ ចុម អ៊ីម ហៅប៉ើង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកមនុស្ស២នាក់ទៀត សមត្ថកិច្ចឃាត់សាកសួរ មានឈ្មោះ ប៉ា វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក កន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ ស្រីម៉ៅ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានម៉ូតូ២គ្រឿងក្នុងនោះរួមមានមួយគ្រឿង ស៊ុយសាគីលែត និងមួយគ្រឿងទៀតជាម៉ូតូធំរួមជាមួយ សម្ភារៈសម្រាប់ជក់មួយចំនួន ថ្នាំញៀនចំនួនមួយធំ ក៏ប៉ុន្តែលោក ម៉ន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យផ្នែកគ្រឿងញៀន ហាក់បីដូចជាលាក់លៀម ហើយក៏មិនអនុញាតិឲ្យអ្នកសារពត៌មានថត រូបភាពថ្នាំញៀននោះដែរ ដោយសម្អាងថាឲ្យចាំសិនៗមិនដឹងជាចាំដល់ពេលណាបង្រ្គាបចាប់បានជាក់ស្ដែងហើយបែរជាចង់លាក់បាំងទៅវិញ។
តាមប្រភពពីមន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យជួញដូរថ្នាំញៀនម្នាក់នេះជាមុខសញ្ញាចាស់ សកម្មខាងជួញដូរ ហើយមុនឃាត់ខ្លួន សមត្ថកិច្ចតាមស្រាវជ្រាវ ហើយប្រទះឃើញ ជនសង្ស័យកំពុងនៅកន្លែងបិទតៀមម៉ូតូ ខាងលិចជាប់ប៉ុស្តិ៍កំបូល ឃាត់ខ្លួនឆែករកឃើញថ្នាំញៀនមួយចំនួនធំ ហើយនាំបន្តទៅឆែកបន្ទប់ ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ទៀតសង្ស័យប្រើប្រាស់ ។
ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ នាំទៅសាកសួរនៅប៉ុស្តិ៍កន្ទោក កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់