ព័ត៌មានជាតិ

កាត់ទោសមន្ត្រី PM ម្នាក់ និងដៃគូ រឿងចាប់ជំរិតអ្នករកស៊ីដី

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះលោក លី សុខលេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសមន្ត្រីកងរាជអាវុធហត្ថម្នាក់ និងបុរសម្នាក់ជាបក្ខពួក ពាក់ព័ន្ធសំណុំរឿងចាប់ជំរិតឈ្មួញរកស៊ីដីម្នាក់នៅខណ្ឌពោធិសែនជ័យ។

ជនជាប់ចោទទី១ឈ្មោះ នូ ចាន់លី ភេទប្រុស អាយុ២៩ឆ្នាំ និងទី២ឈ្មោះ សូ ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មន្ត្រីកងរាជអាវុធហត្ថ ត្រូវបានលោក អ៊ំ សុភក្តិ តំណាងអយ្យការចោទប្រកាន់ ពីបទផ្តើមគំនិតកំហែងយក (ជំរិត) មានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តអំឡុងថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចដីឡូត៍មួយកន្លែងក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៨ មាត្រា ៣៦៣ មាត្រា ៣៦៦ និងមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជនជាប់ចោទឈ្មោះ នូ ចាន់លី បានបដិសេធរាល់ចម្លើយមុនៗ និងបាននិយាយថា គេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

ចំណែកជនជាប់ចោទឈ្មោះ សូ ចំរើន បានសារភាពថា ជនជាប់ចោទឈ្មោះ នូ ចាន់លី ជាអ្នករៀបចំគម្រោងក្នុងរឿងចាប់ជំរិតជនរងគ្រោះឈ្មោះ ជា ណារិន ដោយសារតែពួកគេស្គាល់គ្នា និងដឹងថា ជនរងគ្រោះទើបតែលក់ដីបានជិត២ម៉ឺនដុល្លារ ហើយជនរងគ្រោះកំពុងរកទិញដីឡូត៍។ ជនជាប់ចោទបានបន្តថា ឈ្មោះ នូ ចាន់លី បានទិញរថយន្តម៉ាកកាមេរី សេរី ១៩៩៣ មួយគ្រឿង គ្មានពន្ធ និងកាំភ្លើងខ្លីម៉ាក K៥៩ មួយដើម អស់លុយ ១,៧០០ដុល្លារ ដើម្បីឱ្យខ្លួនធ្វើសកម្មភាពជំរិតទារប្រាក់ពីជនរងគ្រោះចំនួន ៦,០០០ដុល្លារ។ លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ឈ្មោះ នូ ចាន់លី បានឱ្យខ្លួនបើករថយន្តទៅទទួលជនរងគ្រោះទៅមើលដីឡូត៍ និងឱ្យធ្វើសកម្មភាពជំរិតតែម្តង។ ពេលនោះជនរងគ្រោះឈ្មោះ ជា ណារិន បានហៅទូរស័ព្ទឱ្យកូនយកលុយមកឱ្យឈ្មោះ សូ ចំរើន ចំនួន ៦,០០០ដុល្លារ។ ពេលបានលុយរួចខ្លួនបានបើករថយន្តចេញពីកន្លែងកើតហេតុ និងទៅរស់នៅប្រទេសថៃមួយរយៈ។

សូមបញ្ជាក់ ជនជាប់ចោទត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តឹងរបស់ជនរងគ្រោះដោយទាមទារឱ្យតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ និងទាមទារជំងឺចិត្ត និងប្រាក់ដើមសរុប ចំនួន ១២០លានរៀល។

សំណុំរឿងនេះនឹងត្រូវតុលាការប្រកាសសាលក្រមនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ៕

photo_2016-11-18_17-02-01

https://youtu.be/fru0Xjx_S1E

មតិយោបល់