ព័ត៌មានជាតិ

ឆក់កាបូបបានសម្រេច ជិះគេចខ្លួនបែរជាបុករថយន្ត ត្រូវសមត្ថកិច្ចក្របួចបាន

ភ្នំពេញ: ជនសង្ស័យ២នាក់ បានបើកម៉ូតូធ្វើសកម្មភាពឆក់កាបូបពីជនបរទេសដែលកំពុងដើរតាមផ្លូវបានសម្រេច រួចបើកម៉ូតូគេចខ្លួនជ្រុលទៅបុករថយន្ត បណ្តាលឲ្យដួលម៉ូតូ ភ្លាមនោះប្រជាពលរដ្ឋនឹងសមត្ថកិច្ចដេញចាប់បានទាំង២នាក់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជិត១១ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមផ្លូវលេខ៥១ កែងផ្លូវ២៤២ ខាងមុខភោជនីយដ្ឋានចំប៉ា ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សួន ការុណ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំជ្រោយចង្វា និងម្នាក់ទៀតឈ្មោះ យ៉េង ដាវិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំជ្រោយចង្វា។ ចំណែកជនរងគ្រោះមានឈ្មោះ Megan Mcguire ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិអាមេរិចកាំង និងជាបុគ្គលិកនៅស្ថានទូតអាមេរិច។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដើរតាមផ្លូវលេខ៥១ ខណ:ដើរមកដល់កែងផ្លូវលេខ២៤២ ស្រាប់តែមានជនសង្ស័យ២នាក់ បើកម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងបានសម្រេច រួចបើកម៉ូតូគេចតាមផ្លូវលេខ២៤២ទៅលិច លុះមកដល់កែងផ្លូវលេខ៥៥ បានជ្រុលទៅបុករថយន្តបណ្តាលឲ្យដួលម៉ូតូ ភ្លាមនោះមានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់បានជនសង្ស័យទាំង២នាក់ភ្លាមៗ។ ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ និងម៉ូតូរបស់ជនសង្ស័យត្រូវបានយកមកប៉ុស្តិ៍ចតុមុខ ដើម្បីសួរនាំ។

សមត្ថកិច្ចបានបន្តថា វត្ថុតាងដកហូតពីជនសង្ស័យរួមមាន ដាវ១ និងម៉ូតូស្មាស់វី ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-9634 ជិះធ្វើសកម្មភាព ចំណែកនៅក្នុងកាបូបរបស់ជនរងគ្រោះរួមមាន លុយ១០០ដុល្លារ ទូរសព្ទអាយហ្វូនហ្វាយ១គ្រឿង និងកាតអេធីអឹម រួមនឹងកាតបុគ្គលិកស្ថានទូត ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកកាបូបជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ៕

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

មតិយោបល់