រតនគិរីៈ លោកទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលការពិនិត្យព្យាបាល នាឱកាសនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋផងដែរ។
លោក ក៏បានលើកឡើងផងដែរពីការរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ដែលការរីកចម្រើននេះ គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពសេ្ថរភាពនយោបាយពេញបរិបូណ៍ ទើបយើងមានឱកាសធ្វើការកសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានអ្វីៗដូចសព្វថ្ងៃនេះ។
លោក បានសង្កត់ធ្ងន់ថា ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣ ដោយប្រកាន់យកអភិបាលកិច្ចល្អជាស្នូលក្នុងការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ។
ជាចុងក្រោយនៃកិច្ចសំណេះសំណាលនេះ លោកបានដាស់តឿនក្រឿនរំលឹកដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាដើម្បីបងប្អូនមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលដ៏ខ្លីខាងមុខ៕
មតិយោបល់