ភ្នំពេញៈ ក្រុមសង្ស័យជំនាញខាងឆក់ទ្រព្យសម្បត្តិរបស់ជនបរទេស២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលចតុមុខឃាត់ខ្លួនភ្លាមៗ ខណៈពេលធ្វើសកម្មភាពជាក់ស្តែងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចមុខហាងចំប៉ាផ្លូវលេខ២៤២កែងផ្លូវលេខ៥១ភូមិ៤សង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ។
មន្រ្តីគរបាលប៉ុស្តិ៍ចតុមុខបានឲ្យដឹងថា ក្រុមជនសង្ស័យ២នាក់ដែលឃាត់ខ្លួនពីបទ លួច(ឆក់កាបូបដៃ)ទី១.ឈ្មោះសួន ការុន ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះម្តំវិហារចាម ផ្លូវលំសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ ទី២.ឈ្មោះយ៉េន ដាវីត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលផ្លូវលំ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
ចំណែកវត្ថុតាងចាប់យកបាន មានកាបូបដៃចំនួនមួយមានលុយ១០០ដុល្លា, ទូរស័ព្ទដៃម៉ាកអាយហ្វូន៥ពណ៌សមួយនិងឯកសារមួយចំនួនបានប្រគល់ឲ្យជនរងគ្រោះជាជនបរទេសវិញ និងម៉ូតូម៉ាកស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំ1E9634 ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ និងដាវមួយផងដែរ។
ចំណែកជនរងគ្រោះឈ្មោះ MEGAN MCGUIRE ភេទស្រីអាយុ៥០ឆ្នាំ ជនជាតិអាមេរិក មុខរបរបុគ្គលិកស្ថានទូតអាម៉េរិកកាន់លិខិតឆ្លងដែនលេខ៨២១៤៦៣៨១៦ មានទីលំនៅផ្ទះលេខ២០ផ្លូវលេខ៣០២សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនបរទេសរងគ្រោះគាត់កំពុងដើរតាមផ្លូវលេខ៥១ពីទិសត្បូងទៅជើងដើម្បីទៅទិញសៀវភៅអាន ស្រាប់តែជនសង្ស័យឃើញក៏តាមមកឆក់ផ្តាច់កាបូបលុយបានសម្រេចហើយព្យាយាមគេចខ្លួនតែខណៈនោះជនរងគ្រោះគាត់ស្រែកឆោឡោគាប់ជួនកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខកំពុងតែល្បាតក្បែរនោះដោយឃើញដូច្នេះក៏ចេញប្រតិបត្តិការចាប់បង្រ្កាបភ្លាមៗបានទាំង២នាក់ព្រមទាំងដកហូតរបស់របររបស់ជនរងគ្រោះមកវិញដោយមិនបាត់បង់អ្វីនោះទេ រួចបញ្ជូនក្រុមជនសង្ស័យទាំងនោះមកសួរនាំនៅប៉ុស្តិ៍ផងដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕
មតិយោបល់