កណ្តាលៈ បុរសម្នាក់ តូចចិត្តនឹងប្រពន្ធរត់ចោល ក៏ធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ជាប់នឹងធ្នឹមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សាកសពជនរងគ្រោះមានឈ្មោះ ឈុំ ប៊ុនណារ៉ា ហៅងុយ ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរកសិក ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។
ប្រភពព័ត៌មានពីឈ្មោះ ជុំ សាវឿន ភេទស្រី អាយុ៥១ឆ្នាំ ត្រូវជាបងស្រីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅប្អូនប្រុសរបស់គាត់ឈ្មោះ ឈុំ ប៊ុនណារ៉ា ហៅងុយ បានឈ្លោះគ្នាជាមួយប្រពន្ធដែលមានឈ្មោះ ហែម សុភ័ណ្ឌ អាយុ៣៥ឆ្នាំ នឹងបានប្រើអំពើហិង្សាលើប្រពន្ធបន្តិចបន្តួច រួចហើយប្រពន្ធបានចុះចេញពីផ្ទះរហូតទៅនៅផ្ទះម្តាយ ត្រូវបានប្អូនប្រុសរបស់គាត់បានតាមសុំការអភ័យទោសពីប្រពន្ធនឹងសុំត្រូវរ៉ូវគ្នាវិញតែប្រពន្ធមិនព្រមនោះទេ លុះដល់ថ្ងៃកើតហេតុ គាត់កំពុងអង្គុយលេងនៅខាងក្រោមផ្ទះរបស់ខ្លួន ហើយមើលទៅផ្ទះប្អូនមិនឃើញមានមនុស្សនៅ ក៏បានដេញក្មួយប្រុសឈ្មោះ យន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ឲ្យទៅមើល តែក្មួយមិនព្រមទៅបានមួយសន្ទុះក្រោយមក គាត់ក៏បានដើរទៅមើលដោយខ្លួនឯង ពេលទៅដល់ផ្ទះប្អូនបិទភ្លើងងងឹត ហើយបិទទ្វារជិតតែមិនចាក់គន្លឹះខាងក្នុង ពេលនោះគាត់ក៏បានច្រានទ្វារផ្ទះរួច ច្របាច់ភ្លើងពិលមើលខាងក្នុងផ្ទះ ក៏ប្រទះឃើញប្អូនប្រុសឈ្មោះ ឈុំ ប៊ុនណារ៉ា ហៅងុយ បានចងកជាប់នឹងធ្នឹមផ្ទះ ស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ប្រាប់សមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋតែម្តង។
ក្រោយពីទទួលបានសេចក្តីរាយការណ៍នេះរួចមកកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្នាន គ្រូពេទ្យប្រចាំឃុំដីឥដ្ឋ និងក្រុមគ្រួសារបានចុះពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់