ព័ត៌មានជាតិ

ប៉ុស្តិ៍នគរបាលរដ្ឋបាលទី៣៣ហើយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងខេត្តកំពង់ចាម

កំពង់ចាមៈ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកក្របៅរបស់ស្រុកកងមាស ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូណ៌ សម្ពោធដាក់ឲ្យប្រើប្រាស់ដោយលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ភោគ សាវុធ អភិបាលរងស្រុកកងមាស ដែលមានការចូលរួមពីសំណាក់លោក សាន់ វិស្សុត ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង លោក លោកស្រីស្នងការរង លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍ លោកអធិការក្រុង ស្រុកទាំង១០ មេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការសឹករងស្រុក និងអាជ្ញាធរមូលដ្ឋានរួមជាមួយសប្បុរសជនជាច្រើនរូបទៀត។

ក្នុងពិធីនេះដែរ លោកវរសេនីយ៍ត្រី ជា ជួន អធិការនគរបាលស្រុកកងមាស បានអាននូវរបាយការណ៍ស្វាគមន៍អំពីសភាពការណ៍បទល្មើសទូទាំងស្រុក។

លោក ភោគ សាវុធ អភិបាលរងស្រុកកងមាស បានមានមតិសំណេះសំណាលទៅកាន់អង្គពិធីនិងបានអរគុណចំពោះលោកឧត្តមសេនីយ៍ស្នងការ និងសប្បុរសជន ដែលបានយកចិត្តទុកដាក់ជួយដល់ស្រុកកងមាស ក្នុងការកសាងប៉ុស្តិ៍និងស្រុក មានការអភិវឌ្ឍន៍ទាំងធនធានមនុស្ស ទាំងកន្លែងធ្វើការដើម្បីឲ្យសាកសមជាកន្លែងធ្វើការដើម្បីបម្រើប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់សប្បុរសជនដែលជួយជាថវិកា និងសម្ភារៈ ក្នុងការកសាងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅ ឲ្យបានរួចរាល់ជាស្ថាពរ ដើម្បីបម្រើប្រជាពលរដ្ឋ ។លោកក៏បានកោតសរសើរដល់លោកនាយប៉ុស្តិ៍ និងមន្ត្រីទាំងអស់ដែលការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អប្រសើរ រហូតដល់ទទួលបាននូវចំណាត់ថ្នាក់លេខ១ ទូទាំងឃុំនៅក្នុងស្រុកកងមាសនេះ ក្នុងការប្រឡងប្រណាំងការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពនាពេលកន្លងមក។

សូមបញ្ជាក់ផងដែរថា ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេកនេះគឺជាប៉ុស្តិ៍ទី៣៣ ក្នុងចំណោមគម្រោងកសាងប៉ុស្តិ៍ទាំង៣៧ របស់លោកឧត្តមសេនីយ៍ស្នងការ ហើយប៉ុស្តិ៍ដ៏ថ្មី រួចរាល់ជាស្ថាពរនេះ គឺមានទំហំ៨,៥ម៉ែត្រគុណ៦,៥ម៉ែត្រ ចំណាយទឹកប្រាក់អស់ចំនួន ១៥,០០០ ដុល្លារ។

សមិទ្ធិផលទាំងអស់នេះគឺជាគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ស្នងការ ដែលលោកតែងតែបំផុសបំផុល សប្បុរសជនឲ្យចូលរួមកសាង ជាពិសេសគឺការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅនេះ ជាអំណោយរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី លោក លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី លោកវរសេនីយ៍ទោ សូ សារិទ្ធ និងលោកស្រី លោក រ៉ូ ណេ និងលោកស្រី ព្រមទាំងសប្បុរសជនជាច្រើនទៀត។

ជាចុងក្រោយលោក ឧត្តមសេនីយ៍ស្នងការបានមាន ប្រសាសន៍ផ្តាំផ្ញើរ ដល់កងកម្លាំងទាំងអស់ខិតខំបង្កើនការអនុវត្តន៍ការងារ បំពេញភារកិច្ចឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសអនុវត្ត៩ចំណុចរបស់ភូមិ-ឃុំមានសុវត្ថិភាព ទន្ទឹមនឹងនោះ លោឧត្តមសេនីយ៍ស្នងការក៏បានអំពាវនាវដល់បងប្អូនដែលមិនទាន់ទៅចុះឈ្មោះបោះឆ្នោត សូមឲ្យទៅចុះឈ្មោះព្រោះពេលវេលាជិតផុតកំណត់ហើយ ៕

សម្ភោធប៉ុស្តិ៍សម្ភោធប៉ុស្តិ៍សម្ភោធប៉ុស្តិ៍សម្ភោធប៉ុស្តិ៍សម្ភោធប៉ុស្តិ៍សម្ភោធប៉ុស្តិ៍សម្ភោធប៉ុស្តិ៍សម្ភោធប៉ុស្តិ៍សម្ភោធប៉ុស្តិ៍សម្ភោធប៉ុស្តិ៍សម្ភោធប៉ុស្តិ៍

មតិយោបល់