ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៥នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

កំពង់ឆ្នាំង: ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយនិងកម្លាំងការិយាល័យជំនាញបង្ក្រាបគ្រឿងញៀន ចុះធ្វើការចាប់ឃាត់ខ្លួនបាន ដកហូតបានថ្នាំញៀនជិត១០កញ្ចប់។ ការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ទី១ឈ្មោះ ឡា តារា ភេទប្រុស អាយុ២៨ឆ្នាំ។ ទី២ឈ្មោះ ក្រុង ឆេងលី ភេទស្រី អាយុ១៩ឆ្នាំ។ ទី៣ឈ្មោះ ឡា ចន្នី ភេទប្រុស អាយុ២១ឆ្នាំ។ ទី៤ឈ្មោះ ជួប វឌ្ឍនា ភេទប្រុស អាយុ១៦ឆ្នាំ និងជនសង្ស័យទី៥ឈ្មោះ ភី ចាន់ថន ភេទប្រុស អាយុ១៨ឆ្នាំ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាម ពណ៌សថ្លាចំនួន៦កញ្ចប់តូច,ដាវស៊ាំម៉ូរ៉ៃចំនួន១ដើម,កាំបិតចុងស្រួចចំនួន១ ,កំពួចចំនួន១ ,សម្ភារ:សម្រាប់វេចខ្ចប់ (ស្បោងប្លាស្ទិច០១ដុំ) រួមនឹងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់