ព័ត៌មានជាតិ

៥​នាក់​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ម៉ូតូ​បុក​ម៉ូតូ នៅ​ផ្លូវ​ជាតិ​លេខ​៣

​ភ្នំពេញ ៖​មនុស្ស ២​នាក់​រងរបួស​ធ្ងន់ និង​៣​នាក់​ផ្សេង​ទៀត​រងរបួស​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ ខណៈពេល​បើក​ច្រាសទិស​គ្នា នៅវេលា​ម៉ោង ៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​អ្នក​បាន​ឃើញ​កើតការ​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ សេរី​២០១៤ ពណ៌​ខ្មៅ ពុំ​មាន​ពាក់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ទី លុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ ជោ ឃុំ​ក្រ​ញ៉ូង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង និង​អ្នករួមដំណើរ ដោយ​បង​និង​ប្អូនប្រុស ២​នាក់​ទៀត មុខរបរ និង​ស្នាក់នៅ​ជាមួយគ្នា ជិះ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ បើក​ឆ្លងផ្លូវ ពី​កើត​ទៅ​លិច ត្រូវ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក សេ​១២៥ សេរី​២០០៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ សៀមរាប 1G-5424 ជិះ​ឌុប​គ្នា​២​នាក់​ប្តី​ប្រពន្ធ ប្តី​មាន​ឈ្មោះ ស៊ុម រ៉​ន អាយុ​៥៧​ឆ្នាំ មុខរបរ លក់ដូរ រយះ​ជើង​ស្តាំ និង​ប្រពន្ធ​ឈ្មោះ ហែម ម៉ាច អាយុ​៦២​ឆ្នាំ មុខរបរ លក់ដូរ រងរបួស​បែកក្បាល ។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ត្រូវបាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមះ ។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕​
Dangerous

មតិយោបល់