បន្ទាយមានជ័យៈ ជនសង្ស័យជាអ្នកជួញដូរ និងផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាប នៅនឹងផ្ទះក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ង៉េង សុជា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមផែនការណ៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើការទប់ស្កាត់ បង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន លោកបាន បញ្ជាកម្លាំងសហការជាមួយ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបីជាន់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជួញដូរ និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀនម្នាក់ឈ្មោះ មូន មាន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ស្ថិតនៅទីតាំងឃាត់ខ្លួនខាងលើ ព្រមទាំងបានដកហូតវត្ថុតាងជាថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ចំនួន៣៨គ្រាប់ និងមេតំហ្វេតាមីន ទឹកកកចំនួន១កូនថង់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ជាមួយគ្នានេះលោក ចាប សុផារិទ្ធ ស្នងការរងប្រឆាំងបទល្មើស បានឲ្យដឹងដែរថា បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង និងបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីច្បាប់៕
មតិយោបល់