ព័ត៌មានជាតិ

តែងតាំងលោក មាន ចាន់យ៉ាដា ជាអភិបាលរងរាជធានីភ្នំពេញ និងលោក ហួត ហៃជា នាយករដ្ឋបាលថ្មី

ភ្នំពេញៈ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ ហើយក្នុងនោះលោក ហួត ហៃជា ក៏ត្រូវបានតែងតាំងជានាយករដ្ឋបាលថ្មីនៃរដ្ឋបាលរាជធានីភ្នំពេញផងដែរ។

ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក ម៉ម សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។

លោក មាន ចាន់យ៉ាដា ត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញនេះ គឺជំនួសលោក ប៊ុន សេរី ដែលត្រូវចូលនិវត្តន៍។ ចំណែកលោក ហួត ហៃ នាយករងរដ្ឋបាល ត្រូវបានតែងតាំងជានាយករដ្ឋបាលរាជធានីភ្នំពេញថ្មីជំនួសលោក មាន ចាន់យ៉ាដា ដែលឡើងជាអភិបារងរាជធានីភ្នំពេញ។ ដោយឡែកលោក ហុក ហួរលីម នាយកទីចាត់ការកិច្ចការច្បាប់ជានាយករងរដ្ឋបាលរាជធានីជំនួសតំណែងលោក ហួត ហៃ នោះបានលើកទៅធ្វើនៅពេលក្រោយវិញ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការតែងតាំងនិងផ្លាស់ប្តូរមុខដំណែងនេះធ្វើឡើងជាធម្មតារបស់មន្ត្រីរាជការ ដើម្បីដឹកនាំការងារក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនបន្តទៀត។

លោក មាន ចាន់យ៉ាដា ដែលត្រូវបានតែងតាំងជាអភិបាលរងរាជធានីបានឡើងប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារក្នុងតួនាទី មុខងាររបស់ខ្លួនឲ្យបានល្អប្រសើរ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។ ពិសេសថែមទៀតនោះ គឺសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីរួមគ្នាអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា លោក មាន ចាន់យ៉ាដា មានអម្រែកកាន់តែធំហើយក្នុងការដឹកនាំរាជធានីភ្នំពេញ អាចនិយាយថា រកពេលសម្រាកមិនបានទេ ដូច្នេះត្រូវតែខិតខំ ដើម្បីធ្វើឲ្យរាជធានីកាន់តែមានសោភ័ណភាពនិ ងមានការអភិវឌ្ឍន៍ កាន់តែរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក មាន ចាន់យ៉ាដា ដែលមានតួនាទីជានាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ឲ្យកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ៕

photo_2016-11-22_16-16-28photo_2016-11-22_16-16-20photo_2016-11-22_16-16-21photo_2016-11-22_16-16-23photo_2016-11-22_16-16-24photo_2016-11-22_16-16-26photo_2016-11-22_16-16-27-2photo_2016-11-22_16-16-27

មតិយោបល់