ព័ត៌មានជាតិ

ទូរសព្ទគ្មានពន្ធជាង២ពាន់​គ្រឿង ត្រូវកម្លាំងគយចល័តបង្ក្រាប

កោះកុង: កម្លាំងអាវុធហត្ថខេត្ត២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ទា អ៊ាង សហការជាមួយកម្លាំងគយចល័តប្រចាំស្រុកបុទុមសាគរ ដឹកនាំដោយលោក នួន ឡន អនុប្រធានសាខាគយ និងរដ្ឋាករខេត្ត ដោយមានការចង្អុលបង្ហាញពីលោក សំ កុសល ប្រធានគយ និងរដ្ឋាករខេត្ត បានចុះប្រតិបត្តិការ ឃាត់រថយន្ដមួយគ្រឿង ឆែកឆេររកឃើញទូរសព្ទដៃគ្មានពន្ធនាំចូល​ជាង២០០០គ្រឿង។

មន្រ្តីគយបានឲ្យដឹងថា រថយន្តដែលកម្លាំងធ្វើការឃាត់នោះ ម៉ាក HiGH LANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3112 ធ្វើដំណើរទិសដៅ កោះកុង- ភ្នំពេញ បើកបរដោយឈ្មោះ អឿ ឈិន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី ទីលំនៅភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា។

មន្រ្តីគយបានបន្តទៀតថា បន្ទាប់ពីឃាត់រថយន្តខាងលើនេះ កម្លាំងបាន​ធ្វើការឆែកឆេររកឃើញទូរសព្ទដៃចំនួន១២៨៤គ្រឿងនិងនាឡិការដៃ១គ្រឿង សុទ្ធតែគ្មានពន្ធនាំចូល។

បច្ចុប្បន្នរថយន្ដនិងវត្ថុតាងខាងលើត្រូវបានកម្លាំង​គយបញ្ជូនទៅស្នាក់ការគយស្រុកស្រែអំបិល ដើម្បីធើ្វការផាកពិន័យតាមផ្លូវច្បាប់៕

មតិយោបល់