ព័ត៌មានជាតិ

បារី១ដើម ផ្តាច់ជីវិតបុរសម្នាក់

សៀមរាប: បុរសម្នាក់ បានជក់បារីដេកលក់ក្នុងមុងម្នាក់ឯង បណ្តាលឲ្យកន្តុយបារីឆាបឆេះរហូតដល់ស្លាប់ខ្លួន ទើបប្រពន្ធដឹងក៏នាំគ្នាធាក់ទ្វារទម្លាយចូលមកពន្លត់ទាន់ពេល ដែលហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកអនុសេនីយ៍ទោ សូ វ៉ាន់ដេត នាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុក ឆវី ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំខាងលើ បានដេកក្នុងបន្ទប់ម្នាក់ឯង រីប្រពន្ធនិងកូនដេកនៅរានហាលខាងក្រៅផ្ទះ។ លោកបានបន្តថា ពេលសមត្ថកិច្ចចុះទៅពិនិត្យឃើញមានកន្តុយបារីជាប់នឹងដៃទើប សន្និដ្ឋានថា ជនរងគ្រោះអាចជក់បារីក្នុងមុងហើយដាក់ដៃចំមុង ឬពូកទើបបណ្តាលឲ្យឆាបឆេះតែម្តងទៅ។ បន្ទាប់មកប្រពន្ធ និងអ្នកជិតខាងបានទម្លាយទ្វារចូលទៅជួយសង្គ្រោះ និងពន្លត់តែជាអកុសលបុរសរងគ្រោះត្រូវភ្លើងឆេះស្លាប់បាត់ទៅហើយ។

លោកបញ្ជាក់ថា ជនរងគ្រោះអាចភ័យគាំងបេះដូង ទើបគាត់មិនអាចជួយខ្លួនឯងបានយ៉ាងដូច្នេះ។

បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ សូមអំពាវនាវដល់អ្នកជក់បារីទាំងឡាយ ដែលបានជក់ហើយមេត្តាពន្លត់កន្ទុយបារីសិនសិមបោះចោល ព្រោះវាអាចបង្កឲ្យមានអគ្គិភ័យ ឬក៏គ្រោះថ្នាក់ផ្សេងដែលកើតឡើងជាយថាហេតុ៕

មតិយោបល់