ភ្នំពេញៈ បុរសជនជាតិសាំងហ្គាពួរម្នាក់ មានជំងឺប្រចាំកាយខ្សោយបេះដូង បានដួលផ្កាប់មុខដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនមកដល់មន្ទីរពហុព្យាបាលអូរ៉រ។ ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ប៉ុន្តែបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅវេលាម៉ោង១០យប់ថ្ងៃដដែល ស្ថិតនៅចំណុចមន្ទីរពហុព្យាបាលអូរ៉រ សម្ភព សុជាតា ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ១១៣ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅស្នុកឃ័របានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៤ទៅ៥នាក់ បានចូលមកលេងស្នុកឃ័រមួយកន្លែងដែលមានយីហោ ដាតថ៏ក្លឹប។ ប៉ុន្តែជនរងគ្រោះគាត់មិនបានលេងទេ មិត្តភក្តិគាត់ជាអ្នកលេង ចំណែកគាត់ជាជនរងគ្រោះបានឈរមើលគេ។ ខណៈឈរមើលបានមួយសន្ទុះក្រោយមក ជនរងគ្រោះបានអង្គុយលើកៅអីក៏ដួលផ្កាប់មុខភ្លាមៗ ក៏ត្រូវបានគាត់ជាសន្តិសុខ ក៏បានរត់ចូលទៅជួយលើក និងបញ្ជូនមកកាន់មន្ទីរពហុព្យាបាល អូរ៉រ ដែលនៅទល់មុខនឹងកន្លែងកើតហេតុ ប៉ុន្តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយក្រោយពីបញ្ជូនមកដល់មន្ទីរពហុព្យាបាលខាងលើ។
បើតាមប្រភពព័ត៌មានពីប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់ ធ្លាប់បានវរះកាត់បេះដូងនៅប្រទេសសាំងហ្គាពួរ ព្រោះតែជំងឺខ្សោយបេះដូង។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែជំងឺខ្សោយបេះដូងពិតប្រាកដមែន ។ ហើយបច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារមកទទួលយក៕
មតិយោបល់