ព័ត៌មានជាតិ

រថយន្តដឹកស៊ីម៉ង់ត៍ក្រុមហ៊ុន ខេស៊ីមិន បុកនិងកិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្ត ដឹកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខេស៊ីមិន បើកបរខ្វះការប្រុងប្រយត្ន័ទៅបុកម៉ូតូម៉ាកយ៉ាម៉ាហាហ្វេស ដែលកំពុងបើកបរដោយបុរសម្នាក់ បណ្តាលឲ្យដួលត្រូវរថយន្តបង្កកិនស្លាប់ភ្លាមៗមួយប៉ប្រិចភ្នែក ចំណែករថយន្តបង្កបន្តបើកហួសទៅមុខជាង៣០ម៉ែត្រ ទើបឈប់រថយន្តចុះរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពពីស្ត្រីចំណាស់ម្នាក់ ដែលស្គាល់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនេះមានឈ្មោះ តា ហៀប អាយុប្រហែល៥០ឆ្នាំ មុខរបរប៉ះកង់ចល័ត ស្នាក់នៅចល័ត ជិះម៉ូតូម៉ាក យ៉ាម៉ាហា ហ្វេស ពណ៌បៃតង ពាក់ស្លាកលេខ កំពត 1D-9361។ ចំណែកឯរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល
ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2620 ជាប្រភេទដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនខេស៊ីមិន បើកបរដោយបុរសម្នាក់រួមជាមួយនិងព្រូម្នាក់ទៀតគេចខ្លួនបាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក យ៉ាម៉ាហា ហ្វេស ពណ៌បៃតង ពាក់ស្លាកលេខ កំពត 1D-9361 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបានឆ្លងផ្លូវមកឆ្វេងដៃ ហើយបន្តដំណើរបញ្ច្រាសទិសចរាចរណ៍ ស្របពេលនោះក៏មានរថយន្តបង្កបើកមកក្នុងល្បឿនលឿន បានមកបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង ថែមទាំងកិនចំជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្កបានបន្តទៅមុខជាង៣០០ម៉ែត្រ ទើបឈប់ទុករថយន្តទុកចោល រួចនាំគ្នារត់បាត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ រថយន្តបង្ក រួមនឹងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយជំនាញចរាចរណ៍រាជធានីភ្នំពេញ ចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង ដើម្បីរង់ចាំការធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកឯសពរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់