ព័ត៌មានជាតិ

ព្រៃផ្សៃណាស់! ចៅប្រុសចិត្តអប្រិយ ខឹងជីដូនបង្កើតបន្ទោសខ្លាំងពេក ទាញដំបងឈើវាយសំពងរហូតដល់ស្លាប់!

ភ្នំពេញៈជនសង្ស័យម្នាក់ ដោយសារតែខឹងនឹងជីដូនបង្កើតស្ដីបន្ទោសបន្តិចបន្តួច ស្រាប់តែចិត្តតិរិឆ្ឆានពុះកញ្ជ្រោលយកឈើជ្រុងវាយប្រហារក្បាលលោកយាយខ្លួនឯងចំពីក្រោយក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ ជាអកុសលក៏ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧
ស្ថិតនៅផ្ទះលេខ២៤ ផ្លូវ៥៨២Z ក្រុម៥៩ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើនេះមានឈ្មោះ ឆាយ ស៊ិនហូ (ហៅទូ) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ ក្រូច សុខា ភេទស្រី អាយុ៧៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវ៥៨២Z ក្រុម៥៩ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះត្រូវជាជីដូនបង្កើតរបស់ជនសង្ស័យឈ្មោះ ឆាយ ស៊ិនហូ ហៅទូ និងឈ្មោះ ឆាយ លីដា ភេទស្រី អាយុ២៦ឆ្នាំ កំពុងនៅក្នុងផ្ទះទាំងអស់គ្នា ពេលនោះជនសង្ស័យជាចៅ បានបើកគំរបសង្ក័សីដើម្បីឡើងទៅលេងលើដំបូលផ្ទះជាន់ខាងលើរានហាល ពេលនោះជនរងគ្រោះឈ្មោះ ក្រូច សុខា ជាជីដូនបានស្រែកស្ដីបន្ទោសឲ្យជនសង្ស័យកុំឲ្យឡើងទៅលើដំបូលផ្ទះជាន់ខាងលើ ព្រោះខ្លាចភ្លៀងលិចដំបូលចូលមកក្នុងផ្ទះដោយស្រែកខ្លាំងៗធ្វើឲ្យជនសង្ស័យជាចៅខឹង ក៏បានយកឈើជ្រុងប្រវែង0.៧០ សង់ទីម៉ែត្រដែលទុកក្នុងផ្ទះយកមកវាយចំក្បាលពីក្រោយចំនួន៥ឈើជ្រុង បណ្ដាលឲ្យដួលផ្កាប់មុខនៅលើគ្រែរងរបួសធ្ងន់។ ពេលនោះឈ្មោះ ឆាយ លីដា ជាបងស្រីជនសង្ស័យ ចូលទៅឃាត់តែជនសង្ស័យមិនស្ដាប់ បន្ទាប់មកបងស្រីក៏ហៅសមត្ថកិច្ចចុះមកដល់ឃាត់ខ្លួនជនសង្ស័យភ្លាមៗយកទៅប៉ុស្តិ៍តែម្តង។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះតុមាលា តែអកុសលគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

តាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនមករស់នៅជាមួយជីដូនអស់រយៈពេល៥ឆ្នាំមកហើយ ក្នុងការរស់នៅជាមួយគាត់តែងតែស្ដីបន្ទោសឲ្យខ្លួនជាញឹកញាប់ ទើបខ្លួនខឹងគុំគួនរហូតដល់ថ្ងៃកើតហេតុទើបខ្លួនយកឈើជ្រុងមកវាយបណ្ដាលឲ្យជីដូនស្លាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវនាំខ្លួនមកអធិការដ្ឋាន នគរបាលខណ្ឌទួលគោកដើម្បីធ្វើកំណត់ហេតុនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមវិតិនិធីនៃច្បាប់បន្តទៀត៕

មតិយោបល់