ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយនៅផ្សារឯករាជ្យ១ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចោម ខណ្ឌពោធិ៍សែនជ័យ ខណៈបុរសម្នាក់បានស្ទុះចុះពីលើម៉ូតូ ទៅចាប់ស្ត្រីម្នាក់វាយដំយ៉ាងដំណំផ្អើលអ្នកដំណើរ ដោយឃើញនារីកំពុងជិះម៉ូតូជាមួយបុរសម្នាក់ទៀត ប៉ុន្តែរត់គេចខ្លួនបាត់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីថ្ងៃត្រង់ទី១២ មករា នេះ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសដៃដល់ និងស្ត្រីរងគ្រោះ យកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ។
ប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ អ៊ិន ស្រីតឿ ហៅរ៉េន អាយុ៣០ឆ្នាំ មានទីលំនៅខេត្តកំពង់ធំ រីឯបុរសគេចខ្លួន គឺជាសង្សារថ្មី អត់ស្គាល់អត្តសញ្ញាណទេ។ ចំណែកជនដៃដល់ឈ្មោះ ប្រាក់ កុសល អាយុ២៨ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
បើតាមការអះអាងពីស្ត្រីរងគ្រោះបានឱ្យសមត្ថកិច្ចដឹងថា ខ្លួននិងបុរសដៃដល់នោះ មានទំនាក់ទំនងស្នេហា និងរួមរស់ជាមួយគ្នារយៈពេល៥ឆ្នាំមកហើយ ដោយមិនបានរៀបការនោះទេ។ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ពួកគេទាំង២នាក់ ចេះតែឈ្លោះរកាំរកូសដាក់គ្នា ដោយត្រូវបុរសជាប្ដីអត់ខាន់ស្លារូបនេះវាយដំច្រំធាក់នាង ធ្វើឱ្យនាងទឹកភ្នែករាល់ថ្ងៃ ទើបនាងសម្រេចចុះចេញតែម្ដង។
ដោយឡែកបុរសដៃដល់ក៏បានឱ្យដឹងផងដែរថា សង្សារខ្លួននេះ (នារីរងគ្រោះ) បានក្បត់ចិត្តគេដោយទៅលួចទំនាក់ទំនងជាមួយប្រុសផ្សេង (បុរសដែលគេចខ្លួន)ជាយូរមកហើយ។ រយៈ២-៣អាទិត្យនេះ ខ្លួនឧហ្សាហ៍ឃើញនាងជិះម៉ូតូជាមួយបុរសនោះទៀត។ លុះនៅព្រឹកថ្ងៃទី១២ នេះ ខ្លួនបានជិះតាមដាននាងជាមួយបុរសនោះ ចាប់ពីចំណុចផ្សារត្រពាំងថ្លឹង ហៅផ្សារយាយម៉េវ ហើយទ្រាំលែងបាន ក៏ចាប់នាងវាយតែម្តង។
ប្រភពចុងក្រោយឱ្យដឹងថា នារីរងគ្រោះខាងលើកំពុងមានផ្ទៃពោះ១ខែទៅហើយជាមួយបុរសក្រោយនេះទៀតផង៕
https://youtu.be/A8tiBl8X5_8
មតិយោបល់