ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុនសូងួន បើកបរខ្វះការប្រុងប្រយត្ន័រេចង្កូតទៅទម្លុះផ្ទះលក់ដូរមួយកន្លែង ដែលគេស្គាល់ថាជាផ្ទះ របស់លោក ឧត្តមសេនីយ៍ឯក អ៊ុ កោសា បណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១យប់ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ ស្នោទី១ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ ពណ៌ទឹកក្រូច ដែលត្រូវបានគេដឹងថា ជារថយន្តរបស់ក្រុមហ៊ុនផែស្ងួន សូងួន បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុខាងលើ សង្ស័យថាអ្នកបើកបររថយន្តងោកមួយភាំង ក៏រេចង្កូតជ្រុលមកបុកទម្លុះចូលផ្ទះលក់ដូរ ផ្ទះបាយកន្លែងលក់ភេជ្ជសៈ របស់លោកឧត្តមសេនីយ៍ឯក អ៊ុ កោសា ដែលនៅជាប់នឹងដងផ្លូវខាងលើ បណ្តាលឲ្យរងការខូចខាត សំណាងល្អគ្មាននរណាម្នាក់ រងរបួសអ្វីនោះទេ។
ចំពោះទំហំនៃទ្រព្យសម្បត្តិដែលរងការខូចខាតវិញ គេនៅមិនទាន់ដឹងនៅឡើយនោះទេ ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕
មតិយោបល់