ព្រះសីហនុៈ ជនជាតិអាមេរិចម្នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងករណីផលិតគ្រឿងញៀន នៅក្នុងខេត្តព្រះសីហនុនោះ ពេលនេះបានស្លាប់ទៅហើយកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ក្រោយពីសមត្ថកិច្ចបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត។
ជនសង្ស័យខាងលើមានឈ្មោះ MIKHAIL GRAFAM ភេទប្រុស កើតថ្ងៃទី៥ ខែ៦ ឆ្នាំ១៩៦៤ សញ្ជាតិអាមេរិច មុខរបរវេជ្ជបណ្ឌិត(ចូលនិវត្ត) កាន់លិខិតឆ្លងដែនលេខ 545465672 សុពលភាព ថ្ងៃទី១៧ ខែ៣ ឆ្នាំ២០២៦ (លិខិតឆ្លងដែនច្បាប់ដើម ជាប់នៅសាលាដំបូងខេត្តព្រះសីហនុ)។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិអាមេរិចរូបនេះ ជាពិរុទ្ធជន ក្នុងករណីផលិតដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវបានកម្លាំងជំនាញ ចាប់ខ្លួនថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នឹងបានសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន លេខ៨៤ តពដ/១៦ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅពន្ធនាគារខេត្តព្រះសីហនុ។
តាមសមត្ថកិច្ចបន្តឲ្យដឹងថា នៅវេលាម៉ោងជាង២រសៀលថ្ងៃទី១២ មករា ឆ្នាំ២០១៧ ជនបរទេសខាងលើ កើតមានអាការៈមិនប្រក្រតី (ញៀនថ្នាំ) បន្ទាប់មកសមត្ថកិច្ច ក៏ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត លុះដល់ថ្ងៃទី១៣ មករា វេលាម៉ោង១និង១៥រសៀល ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់តែម្តងទៅ។
លោកវេជ្ជបណ្ឌិត ស៊ឹម ភក្តី គ្រូពេទ្យ ព្យាបាលបានឲ្យដឹងថា ជនបរទេសខាងលើនេះ ស្លាប់ដោយខ្សោយតំរងនោម និងនៅមានសារធាតុញៀននៅក្នុងខ្លួន។
បច្ចុប្បន្ន សាកសពជនបរទេសខាងលើ ដោយមានការសម្រេចពី ក្រុមគ្រួសារ និងស្ថានទូតត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុន INTRA CO ដឹកទៅរក្សារទុកនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕
មតិយោបល់