កណ្ដាលៈ ជនបិទមុខចំនួន២នាក់ បានប្រើប្រាស់កាំបិតចុងស្រួចចូលធ្វើសកម្មភាពភ្ជង់ប្លន់ផ្ទះមួយកន្លែង រួចប្រមូលយកទ្រព្យសម្បត្តិអស់ចំនួនធំ ហើយគេចខ្លួនបានដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស៊ុយ សុខឃឿន ភេទស្រី៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះមានទីលំនៅភូមិឃុំកើតហេតុ។
ស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានដេកលើផ្ទះជាមួយកូនតូចៗ និងក្មួយប្រុសអាយុ១៤ឆ្នាំម្នាក់ ខណៈកំពុងដេកលង់លក់ ស្រាប់តែមានជនសង្ស័យ២នាក់ មួយរាងទាបធាត់ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវ ពណ៌ខ្មៅដៃខ្លី ពាក់មុខ កាន់កាំបិតចុងស្រួច និងមួយទៀតរាងស្គម សម្លៀកបំពាក់ និងពាក់មុខ កាន់កាំបិតចុងស្រួចដូចគ្នា បានមកកាត់ជញ្ជាំងចូលក្នុងផ្ទះ រួចភ្ជង់ប្លន់រូបគាត់ ហើយប្រមូលទ្រព្យសម្បត្តិរួមមាន ៖ – លុយដុល្លារ ១.២០០ដុល្លារ -លុយរៀល ៣០០.០០០រៀល – ចិញ្ចៀនមាស១វង់(១ជី) -កងដៃ១វង់(តម្លៃ៣២៥ដុល្លារ) -ផ្លាកដៃ១ខ្សែ (តម្លៃ៧៥ម៉ឺនរៀល)។ បន្ទាប់ពីធ្វើសកម្មភាពប្រមូលយកទ្រព្យសម្បត្តិបានហើយ ជនសង្ស័យបានយកកន្សែងចងជើង និងរុំមាត់គាត់ (ជនរងគ្រោះ) ហើយចុះតាមទ្វារមុខផ្ទះ គេចខ្លួនដោយសុវត្ថិភាព។
ស្ត្រីរងគ្រោះបានបន្តទៀតថា ក្រោយកើតហេតុ គាត់ (ជនរងគ្រោះ) បានស្រាយចំណងដោយខ្លួនឯងរួចទូរសព្ទប្រាប់ប្តីធ្វើនគរបាលនៅខេត្តព្រៃវែង និងប្រាប់អ៊ុំរបស់ខ្លួនផ្ទះជាប់គ្នា។ លុះដល់ម៉ោង៦ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ប្តីជនរងគ្រោះបានមកប្ដឹងនគរបាលប៉ុស្តិ៍ពុកឫស្សី ដើម្បីឲ្យជួយស្វែងរកមុខជនល្មើស។ បច្ចុប្បន្នកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍ កំពុងបើកការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុក៕




មតិយោបល់