ព័ត៌មានជាតិ

កូរ៉ូឡាបើកឆ្លងផ្លូវ ត្រូវម៉ូតូបើកបុក លោកសង្ឃមួយអង្គរបួសធ្ងន់ និង២នាក់ទៀតរបួសស្រាល

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តកូរ៉ូឡាមួយគ្រឿង បើកឆ្លងផ្លូវមិនប្រយត្ន័ ត្រូវម៉ូតូបើកបុក បណ្តាលឲ្យលោកសង្ឃមួយអង្គរបួសធ្ងន់ និង២នាក់ទៀតរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ៤៥-៤៦
ចំណុចភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះកើតឡើងរវាង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ព្រៃវែង 1F-7950 បើកបរដោយឈ្មោះ មាន សាមន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់ភូមិបាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង រួមដំណើរជាមួយនិងព្រះសង្ឃមួយអង្គ ព្រះនាម ងាំ ធីណាត ៣៤ព្រះវស្សា គង់នៅភូមិជាមួយគ្នា បើកពីអ្នកលឿងទៅភ្នំពេញ ដល់ចំណុកើតហេតុខាងលើ ក៏បានបុកជាមួយរថយន្តម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ក្រហមចាស់ ប្រភេទទេសចរណ៍ ពាក់ស្លាកភ្នំពេញ 2G-8041 បើកបរដោយឈ្មោះម៉ា លាង ភេទប្រុស អាយុ៧៣ឆ្នាំ ដែលបើកចេញពីផ្ទះ នៅខាងកើតផ្លូវ ហើយបើកឆ្លងកាត់ថ្នល់ទៅខាងលិច បណ្តាលឲ្យអ្នកបើកម៉ូតូរួមនិងព្រះសង្ឃ របួសធ្ងន់ ចំណែកអ្នកបើក រថយន្តរបួសស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញទាំង៣នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង យកមធ្យោបាយខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់