ព័ត៌មានជាតិ

អ្នកលក់កន្តូប និងចង្រិតលើកគ្នាសុំឲ្យអាជ្ញាធរខ្មែរជួយអន្តរាគមន៍ ក្រោយថៃចាប់បក្ខពួកខ្លួនពិន័យប្រាក់ ៦ពាន់បាត

បន្ទាយមានជ័យ: តាមសេចក្ដីរាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង២និង៣០នាទីរសៀល នៅចំនុចក្បាលស្ពានមិត្តភាពកម្ពុជា.ថៃ(ច្រកអន្តរជាតិ) នៃក្រុងប៉ោយប៉ែតមានប្រជាពលរដ្ឋចំនួន៧ទៅ៨នាក់ ដែលជាអ្នកលក់កន្តូបនិងចង្រិត បានធ្វើការបិទផ្លូវដើម្បីទាមទារ ឲ្យអាជ្ញាធរកម្ពុជា ជួយរកដំណោះស្រាយដែល សមត្ថកិច្ចថៃចាប់អជីវករខ្មែរដែលលក់ចង្រិតនិងកន្តូប ហើយត្រូវបានសមត្ថកិច្ចថៃទារឲ្យបង់ប្រាក់ក្នុងម្នាក់៤.៤០០បាត សម្រាប់អជីវករដែលត្រូវឃាត់ខ្លួនកាលពីម្សិលមិញចំនួន៦នាក់។

លោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា សម្រាប់ថ្ងៃទី១៣នេះសមត្ថកិច្ចថៃបានឃាត់ខ្លួនអជីវករខ្មែរ កើនឡើងដល់ទៅ១១នាក់ក្នុងនោះមានស្រី១០នាក់និងប្រុសម្នាក់ ហើយសមត្ថកិច្ចថៃបានទារឲ្យបង់ប្រាក់៦.០០០បាតក្នុង១នាក់បន្ថែមទៀត។ លោកវរ:សេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា អាជីវករខ្មែរដែលលក់កន្តូបនិងចង្រិតទាំង១១នាក់នេះកំពុងតែជាប់ឃុំឃាំងនៅថៃនៅឡើយទេ។

ហេតុដូច្នេះហើយទើបអាជីវករធ្វើការបិទផ្លូវយ៉ាងដូច្នេះគឺដោយសារតែខាងសមត្ថកិច្ចថៃបានឃាត់ខ្លួនហើយទាមទារឲ្យបង់ប្រាក់ហួសហេតុពេក ហើយណាមួយពួកគាត់លក់ចង្រិតនិងកន្តូបតូចតាច(រកមួយថ្ងៃហូបមួយថ្ងៃ) ទើបពួកគាត់សុំឲ្យអាជ្ញាធរកម្ពុជា ជួយរកដំណោះស្រាយជូនពួកគាត់។ លោកវរ:សេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា ចំពោះបញ្ហានេះដែរសមត្ថកិច្ចកម្ពុជា កំពុងតែចរចារជាមួយភាគីថៃដើម្បីរកដំណោះស្រាយអំពីបញ្ហានេះ៕

photo_2016-09-13_23-25-56

photo_2016-09-13_23-25-59

photo_2016-09-13_23-26-02

មតិយោបល់