បន្ទាយមានជ័យៈ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើង លេខ០២៤៤-០២៤៥ ក្រៅទីប្រជុំជន ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងចង្កូតស្ដាំ ម៉ាក ISUZU ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ចង្កូតស្ដាំ PL-0040 បើកបរដោយឈ្មោះ ភិន វ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានអ្នករួមដំណើរចំនួន៣នាក់ ៖ ១.ឈ្មោះ ហ៊ន់ ហៃ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា ត្រូវជាប្រពន្ធ ២.ឈ្មោះ ណេង រតនា ភេទប្រុស អាយុ២ឆ្នាំ នៅភូមិឃុំជាមួយគ្នា ត្រូវជាកូនបង្កើត និង៣.ឈ្មោះ ភិន មុំ ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា ត្រូវជាប្អូនបង្កើត អ្នកបើកបររថយន្ត ។ ដោយធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបែកកង់ក្រោយរថយន្តចំហៀងខាងស្ដាំ ហើយរេចង្កូតទៅខាងឆ្វេងដៃទទឹងផ្លូវ ។ ស្របពេលនោះ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក CAMRY សេរីឆ្នាំ១៩៩៣ ចង្កូតស្ដាំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 2A-0063 បើកបរដោយឈ្មោះ ប៊ិន អេង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានអ្នករួមដំណើរឈ្មោះ ធិ សាវី ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាប្រពន្ធ ធ្វើដំណើរពីលិចទៅកើត ក្នុងទិសដៅផ្ទុយគ្នា បុកចំកណ្ដាលតួរថយន្តផ្នែកខាងស្ដាំ ដែលបែកកង់ទទឹងផ្លូវ ពេញមួយទំហឹង បណ្ដាលឲ្យកើតមានគ្រោះថ្នាក់នេះតែម្តង។
ករណីនេះ បណ្តាលឲ្យមនុស្ស ៥នាក់ រងបួសធ្ងន់ស្រាល៖ មានឈ្មោះ ហ៊ន់ ហៃ និង ឈ្មោះ ណេង រតនា អ្នកបើកបររថយន្ត CAMRY របួសធ្ងន់ និងរបួសស្រាល អ្នកបើកបររថយន្តISUZU និងប្រពន្ធ អ្នកបើកបរថយន្តកាម៉ារី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ។ រថយន្តកាម៉ារី ត្រូវបានឆាបឆេះផ្នែកខាងមុខខូចខាតធ្ងន់ ចំណែករថយន្តISUZU បច្ចុប្បន្នត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់