កូឡាឡាំពួរៈ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Liow Tiong Lai បានបញ្ជាក់ជាផ្លូវការនៅល្ងាចថ្ងៃនេះថា បំណែកស្លាបយន្តហោះដែលរកឃើញនៅក្បែរកោះ Pemba ក្នុងប្រទេសតង់ហ្សានី គឺច្បាស់១០០ភាគរយ ជារបស់យន្តហោះ MH370។
បំណែកស្លាប់យន្តហោះនោះ ត្រូវបានរកឃើញកាលពីថ្ងៃទី២០ ខែមិថុនា និងត្រូវបានបញ្ជួនទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេត ដោយនៅក្នុងនោះក្រុមមន្ត្រីជំនាញខាងប្រទេសម៉ាឡេស៊ី ក៏បានចូលរួមនៅក្នុងការស៊ើបអង្កេតនោះផងដែរ។
យន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ី ជើងហោះហើរ MH370 បានបាត់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ បានបាត់ខ្លួនដ៏អាថ៌កំបាំងក្នុងប្រវត្តិសាស្រ្ត ខណៈចេញដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន៕
មតិយោបល់