បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកសំពៅលូន ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថេវៈទៅលើក្មេងស្រីម្នាក់ បានសម្រេចរហូតដល់ទៅ ១៦ដងរួចព្យាយាមរត់គេចខ្លួន ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលស្រុកសំពៅលូនបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ឃុន រ៉ាឌី ភេទប្រុស អាយុប្រហែល២៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានបន្តថាមុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីស្ត្រីម្នាក់ឈ្មោះង៉ែង យ៉ាត់ ភេទស្រី អាយុ៥០ឆ្នាំជាម្តាយជនរងគ្រោះឈ្មោះ ទ.ច ភេទស្រី អាយុ១២ឆ្នាំ ស្នាក់នៅក្រុមទី១៦ ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានប្តឹងទៅលើជនសង្ស័យឈ្មោះ ឃុន រ៉ាឌី ដោយបានចោទប្រកាន់ថា បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថេវៈមកលើកូនស្រីរបស់គាត់ កាលពីវេលាម៉ោង១០ថ្ងៃទី ២២ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ។ ទើបក្រោយពីទទួលពាក្យបណ្តឹងនេះរួចមក នៅថ្ងៃទី៤ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក រហូតថ្ងៃកើតហេតុបានរយៈពេល១៤ថ្ងៃ សមត្ថកិច្ចស្រុកសំពៅលូន បានស្រាវជ្រាវឈានទៅដល់ការដឹកនាំកម្លាំងចុះធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះបាន នៅចំណុចភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង យកមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថេវៈទៅលើក្មេងស្រីរងគ្រោះបានសម្រេចដល់ទៅ១៦ដង ហើយក៏បានព្យាយាមគេចខ្លួន ប៉ុន្តែគេចមិនផុត មិនតែប៉ុណ្ណោះជសង្ស័យរូបនេះបានបន្តថា រូបគេធ្លាប់បានធ្វើសកម្មភាពកាប់សម្លាប់ឈ្មោះស៊ុក នៅស្រុកកំណើត កាលពីក្នុងខែ១០ ឆ្នាំ២០១៥ ទៀតផង។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកសំពៅលូននាំខ្លួនមកកាន់អធិការដ្ឋាន ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការនិងផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់