ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ល្បាតក្នុងភូមិសាស្ត្រ ធ្វើការចាប់ខ្លួន បន្ទាប់ពីរកឃើញវត្ថុតាងសម្រាប់ប្រព្រឹត្តបទល្មើសលួចនៅជាប់នឹងខ្លួន ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវ៤០២ ក្រុម១៥ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានទាំង២នាក់ខាងលើនេះ ទី១ឈ្មោះ សាំង ផល្លា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនសង្ស័យទី២ឈ្មោះ សួស រ៉ាវីត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតដូចគ្នា ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ដែកសំប៉ែតមុខស្រួច គល់ជ្រុងចំនួន២ដើម សោរមុខពីរ(ដែកសម្រាប់កាច់សោរកម៉ូតូ)ចំនួន០១ដើមរួមនិង ម៉ូតូម៉ាកហ្វីណូ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AY-1898 មួយគ្រឿង។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋាន លុះបានមកដល់ចំណុចកើតហេតុខាងលើ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យចំនួន០២នាក់ កំពុងជិះម៉ូតូមួយគ្រឿងម៉ាកហ្វីណូឌុបគ្នាយឺតៗតាមដងផ្លូវ ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យស្រាប់តែរកឃើញសម្ភារៈសម្រាប់ប្រព្រឹត្តបទល្មើសលួច នៅជាប់នឹងខ្លួនរបស់ជនសង្ស័យ ទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ឃាត់ខ្លួនពួកគេទាំង២នាក់ យកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីធ្វើការសាកសួរតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេជិះម៉ូតូបម្រុងចេញធ្វើសកម្មភាពលួច ប៉ុន្តែមិនទាន់បានធ្វើសកម្មភាពក៏ប្រទះនឹងសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមន ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕




មតិយោបល់