កណ្តាល: មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនគរបាលស្រុកកោះធំ បានចុះប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យពីរនាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនោះ បានសារភាពថា មានបក្ខពួក និងមេរបស់ខ្លួនកំពុងធ្វើការចែកចាយគ្រឿងញៀននៅក្នុងពន្ធនាគារខេត្តកណ្តាលថែមទៀតផង។
ជនសង្ស័យឈ្មោះងន ភារម្យ (ហៅ ហេវ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ បានសារភាពបន្ថែមទៀតថា ខ្លួនបានទើប នឹងចេញពីពន្ធនាគារប្រហែល០៦ខែប៉ុណ្ណោះ ក៏បែកគំនិតចែកចាយគ្រឿងញៀនបន្តទៀត ហើយខ្លួនបានទិញគ្រឿងញៀនពីជនជាតិវៀតណាម នៅម្តុំច្បារអំពៅ ខណ្ឌមានជ័យ រួចក៏យកចែកចាយបន្តទៀតផងដែរ មិនតែប៉ុណ្ណោះក៏បានសារភាពថា មានបក្ខពួក និងត្រូវជាមេរបស់ខ្លួនកំពុងជាប់ពន្ធនាគារខេត្តកណ្តាល ហើយចែកចាយគ្រឿងញៀនក្នុងនោះថែមទៀតផង។
មន្ត្រីពន្ធនាគារមួយរូបបាន បង្ហើបផងដែរថា នៅក្នុងពន្ធនាគារខេត្តកណ្តាល មានភាពអសន្តិសុខខ្លាំងណាស់ ដោយមានការចែកចាយគ្រឿងញៀន លេងល្បែងស៊ីសង និងមានការឃុំឃិតគ្នាពីសំណាក់អនុរក្សពន្ធនាគារ ម្ចាស់អាគារបន្ទប់នីមួយៗ ជាមួយអ្នកជាប់ឃុំឃាំងផងដែរ។
សូមបញ្ជាក់ផងថា ដោយមានការទទួលបានបទបញ្ជាយ៉ាង ម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល នគរបាលស្រុកកោះធំដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ ឲ្យកម្លាំងនៃអធិការដ្ឋាន សហការជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូនបានចុះបើកប្រតិបត្តិការណ៍បង្ក្រាបអស់រយៈពេល០៥ថ្ងៃ ទើបចាប់ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មប្រចាំស្រុកកោះធំ បាន០២នាក់ និងរួមទាំងគ្រឿងញៀន២៧កញ្ចប់ មានទាំងកញ្ចប់តូច កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀត។
ហេតុការណ៍ចុះបង្ក្រាបនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០១៦ នៅចំណុចភូមិកំពង់ថ្កុល ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
លោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានប្រាប់ឲ្យដឹងថា ជនសង្សយ័ជាមុខសញ្ញាទី០១មានឈ្មោះងន ភារម្យ (ហៅ ហេវ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ទី២/-ឈ្មោះ វ៉ យាំ ត្រាវ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ វៀតណាមមានទីលំនៅភូមិ លេខ៣ ឃុំខាន់បិន ស្រុកអាងភូ ខេត្ត អាងយ៉ាង (ប្រទេសវៀតណាម) មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) និងទី ៣/-ឈ្មោះ ង្វៀង យ៉ាំងគ្រឿង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅប្រទេសវៀតណាម ស្នាក់នៅផ្ទះជួលក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (រត់គេចខ្លួន) ។ ចំណែកឯវត្ថុតាងដកហូតបាន ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce)ចំនួន ២៧ កញ្ចប់ (ធំ ០២ ,តូច ២៥) និងទូរស័ព្ទចល័តចំនួន ០៣ គ្រឿង ។
លោកអធិការបានប្រាប់ឲ្យដឹងទៀតថា ក្រោយទទួលព័ត៌មានពីប្រជាជនល្អថាជនសង្ស័យទី១កំពុងលក់គ្រឿងញៀន និងតាមការចុះស្រាវជ្រាវអស់រយៈពេលប្រមាណ ៥ ថ្ងៃរហូតដល់ថ្ងៃនិងវេលាកើតហេតុខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូនបានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០១ នាក់ ឈ្មោះ ងន ភារម្យ (ហៅ ហេវ) ភេទប្រុស អាយុ ២៣ ឆ្នាំ រួមនិងថ្នាំញៀនមួយចំនួន ០២ កញ្ចប់នូវជាប់បឹងខ្លួនជនសង្ស័យ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ងន ភារម្យ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀននេះគឺពិតជារបស់ខ្លួនទិញយកមកទុកលក់ប្រាកដមែន ហើយរូបខ្លួនទិញមកឲ្យឈ្មោះ ង្វៀង យាំងគ្រឿង ដែលស្នាក់នៅផ្ទះជួលក្នុងភូមិជាមួយខ្លួន យកទៅលក់បន្តរាល់ថ្ងៃយ៉ាងសកម្មផងដែរ។
ថ្នាំញៀនខាងលើឈ្មោះ ហេវ បានសារភាពថាទិញពីភ្នំពេញម្តុំច្បារអំពៅ តែមិនស្គាល់ឈ្មោះអ្នកលក់ទេ ដឹងត្រឹមថាយកលុយវេរឲ្យគេ គេក៏ឲ្យយកនៅទីកន្លែងណាត់ ។ លុះនៅវេលាម៉ោង ៨និង ៣០នាទីយប់ ថ្ងៃដដែលក្រោយពេលទទួលបានបទបញ្ជាយ៉ាង ម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ ស្នងការ អ៊ាវ ចំរើន និងលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បញ្ជាឲ្យ ឆែកឆេរផ្ទះជួលដែលឈ្មោះ ង្វៀង យ៉ាំងគ្រឿង ស្នាក់នៅទើបសមត្ថកិច្ចបានចុះដល់បន្ទប់ផ្ទះជួលខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ វ៉ យ៉ាំងត្រាវ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិវៀតណាម នៅក្នុងបន្ទប់ជួល និងឆែកឆេររកឃើញថ្នាំញៀនចំនួន ២៥ កញ្ចប់តូច នៅក្នុងបន្ទប់ ចំណែកជនសង្ស័យ ង្វៀង យ៉ាំងគ្រឿង បានរត់គេចខ្លួនបាត់ មុនពេលដែលសមត្ថកិច្ចទៅដល់។
បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ រួមនិងវត្ថុតាងថ្នាំញៀនចំនួន ២៧ កញ្ចប់ ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់