ភ្នំពេញៈ នៅម៉ោង ១០និង៣០នាទីព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំបូកសរុបរបាយការណ៍ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន រាជធានី-ខេត្ត នៅវិមានសន្តិភាពបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតិបើកកិច្ចប្រជុំនេះរួចមក។
គួរបញ្ជាក់ផងដែរថា ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន បានចាប់ផ្តើមអនុវត្តការងារ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនៅគ្រប់ ២៥ រាជធានី-ខេត្ត។
ការបង្កើតក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាននេះ ជាកំណែទម្រង់ទូលំទូលាយ និងស៊ីជម្រៅមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះ ដើម្បីធ្វើឲ្យរាស្ត្រ និងរដ្ឋ នៅជាប់គ្នា តាមគោលដៅ៣ សំខាន់៖
ទី១៖ ចុះអនុវត្តឲ្យមានប្រសិទ្ធភាពនៅមូលដ្ឋាន
ទី២៖ រៀបចំវេទិកាសាធារណៈ ស្តាប់ និងដោះស្រាយនៅទីកន្លែង និង
ទី៣៖ ដើម្បីឆ្លើយតបគណនេយ្យភាពសេវារបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ការផ្តល់សេវាដល់មហាជន។
ក្រុមការងារថ្នាក់ជាតិ មានសមាសភាពជាង ៣០រូប ក្នុងមួយក្រុមៗ។ ក្រុមនីមួយៗ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជាប្រធាន ទេសរដ្ឋន្ត្រី ជាអនុប្រធាន រដ្ឋមន្ត្រី ជាអនុប្រធាន ហើយក្រុមខ្លះទៀត មានទេសរដ្ឋមន្ត្រីជាប្រធាន ឬក៏រដ្ឋមន្ត្រី រដ្ឋលេខាធិការ ជាប្រធាន រហូតដល់ក្រុមការងារនៅខេត្តមួយចំនួនមាននាយឧត្តមសេនីយ៍យោធា ជាប្រធានក្រុមការងារផងដែរ៕
មតិយោបល់