ភ្នំពេញៈ អ្នកប្រើប្រាស់គ្រឿងញៀនចំនួន៣៧នាក់ ក្នុងចំណោម៤១ត្រូវបាននគរបាលខណ្ឌសែនសុខសម្រេចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះក្រោយពីឃាត់ធ្វើការសាកសួរបណ្តោះអាសន្ននិងធ្វើតេស្តទៅលើទឹកនោមឃើញមានផ្ទុកនូវសារជាតិញៀនរួចមក។
លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការនិងបង្ក្រាបជាក់ស្តែងក្នុងភូមិត្រពាំងឈូកមុខមន្ទីរពេទ្យព្រះកុសុមៈ ដែលជាតំបន់ស្មុកស្មាញទើបលោកបញ្ជាមកលោក គួក សុខហួរ អធិការរងខណ្ឌដឹកនាំ កម្លាំងដោយសហការជាមួយសាលាខណ្ឌសែនសុខចុះមកបង្ក្រាបចំនួន២ថ្ងៃជាប់គ្នាឲ្យដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបាន៤១នាក់និងដកហូតថ្នាំញៀនរួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
គួររំលឹកថាកាលពីម៉ោង១០យប់ថ្ងៃទី២៦-២៧ខែកញ្ញាឆ្នាំ២០១៦គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានបើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនដែលស្ថិតភូមិត្រពាំងឈូកក្នុងសង្កាត់ទឹកថ្លាទាំងយប់ដែលជាតំបន់ស្មុគស្មាញប្រមូលផ្តុំដោយក្មេងទំនើងបងតូច បងធំ ដែលតែងតែមកជួបជុំគ្នា និងជាជំរកសម្រាប់ប្រើប្រាស់គ្រឿងញៀនទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំនិងព្យាយាមបង្ក្រាបជាច្រើនលើច្រើនសារយ៉ាងណាក៏ដោយក៏មិនចេះអស់ដដែល។
បើតាមសំដីលោកគួក សុខហួរ អធិការរងខណ្ឌសែន ទទួលផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀន៤១នាក់ដែលសមត្ថកិច្ចបង្ក្រាបនោះក្រោយពីធ្វើការសាកសួរនិងធ្វើតេស្តទៅលើទឹកនោមឃើញថាមានបុរស០៤នាក់មិនមានផ្ទុកនូវសារធាតុញៀនហើយបានទំនាក់ទំនងឲ្យក្រុមគ្រួសារមកធានាឲ្យត្រឡប់ទៅផ្ទះវិញដោយឡែក៣៧នាក់ទៀតបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់