ភ្នំពេញៈ ប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព នាវេលាម៉ោង ១២៖១០រសៀលថ្ងៃទី១២ តុលានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ នៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ។
ទទួលស្វាគមន៍ប្រធានាធីបតី ហ្ស៊ី ជីនពីង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានេះ លោក ហ្ស៊ី ជីនពីង នឹងចូលបង្គំគាល់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅព្រះបរមរាជវាំង។
ប្រធានាធិបតីចិន លោក ហ្ស៊ី ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាវិមានសន្តិភាព នៅពេលល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ព្រមទាំងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ជាមួយគ្នានោះ អំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន អាជ្ញាធរកម្ពុជា ក៏បានត្រៀមសិស្សានុសិស្ស ប្រជាពលរដ្ឋ និងកងកម្លាំងការពារសន្តិសុខ សុវត្ថិភាពប្រមាណ៥៥០០នាក់ ដើម្បីទទួលស្វាគមន៍ផងដែរ។
គួរជម្រាបថា លោក ហ្ស៊ី ជីនពីង ក៏ធ្លាប់បានធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងឋានៈជាអនុប្រធានាធិបតីចិន ម្ដងរួមហើយ កាលពីឆ្នាំ២០០៩៕
មតិយោបល់