ភ្នំពេញៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ខ្លួនយកមកសាកសួរ បន្ទាប់ពីរូបគេយកដុំថ្មគប់រថយន្តហាយឡែនឌ័រ បណ្តាលឱ្យកំពិតខាងក្រោយផ្នែកខាងស្តាំ ហើយត្រូវបានម្ចាស់រថយន្តដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី២៤ខែមករា ឆ្នាំ២០១៧ ស្ថិតនៅប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ប៉ែន ខឹន អាយុ២០ឆ្នាំ មុខរបរលីខោអាវនៅផ្សារអូឡាំពិកស្នាក់នៅផ្ទះជួលម្តុំផ្សារវីមីនខាងលិចរបងសួនឧស្សាហកម្មកាណាឌីយ៉ាក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានប្រពន្ធឈ្មោះ ទៀ ខ្លា អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្នាក់នៅជាមួយគ្នា។
ប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ២០១៦ មានជនមិនស្គាលមុខបានយកដុំថ្មគប់រថយន្តរបស់គាត់ម៉ាកហាយលែនឌឺ ពាក់ស្លាកលេខភ្នំពេញ2AD-1606 ដែលកំពុងតែបើក បណ្តាលឱ្យកំពិតខាងស្តាំផ្នែកខាងក្រោយ ដោយមិនមានភស្តតាង ទើបក្រោយមកគាត់បានសុំម្ចាស់ផ្សារវីមីនឆែកមើលកាមេរាសុវត្ថិភាព ហើយក៏ស្គាល់មុខជនសង្ស័យខាងលើ ក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឱ្យហៅជនសង្ស័យមកធ្វើការសាកសួរតែម្តង។
ក្នុងករណីខាងលើម្ចាស់រថយន្តបានទារថ្លៃខូចខាតចំនួន១០០០ដុល្លារ ប៉ុន្តែជនសង្ស័យបានសុំទាក់ទងទៅសាច់ញាតិមើលសិន ព្រោះខ្លួនគ្មានលុយនោះទេ។ បច្ចុប្បន្នភាគីទាំងសងខាងកំពុងចរចាគ្នាទៅវិញទៅមក ដោយមិនបានដឹងថា ជនសង្ស័យត្រូវសងទៅភាគីម្ចាស់រថយន្តប៉ុន្មាននោះទេ៕
https://youtu.be/JAtYSOPUVZY
មតិយោបល់