ព័ត៌មានជាតិ

ជនជាតិអាមេរិចកាំង២នាក់ បើករថយន្តគប់ដបទឹកសុទ្ធទៅលើអ្នកដំណើរតាមផ្លូវ ផ្អើលសមត្ថកិច្ចដេញចាប់

ភ្នំពេញៈ បុរសជនជាតិអាមេរិចកាំង២នាក់ ជិះរថយន្តមួយគ្រឿង ខណៈដែលបើកដល់ផ្លូវចង្អៀត ស៊ីផ្លេឲ្យអ្នកដំណើរផ្សេងទៀតជៀសរថយន្តខ្លួន ខឹងគេមិនជៀសបែរជាយកដបទឹកសុទ្ធគប់ចំទៅលើអ្នកបើកបរម៉ូតូ ក្នុងទិសដៅស្របគ្នា ដោយគ្មានហេតុផល លុះដេញតាមឃាត់សួរតែរថយន្តមិនឈប់ព្យាយាមបើករត់គេច តាំងពីមុខផ្សារជម្ពូវ័ន្ត ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ រហូតដល់ផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាប កាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ តែបែរជាធ្វើឲ្យកម្លាំងប្រជាការពារ សមត្ថកិច្ច ប្រជាពលរដ្ឋជាច្រើននាក់ហួសចិត្ត ពេលដែលជនបរទេសទាំង២នាក់ចុះមក ចេះនិយាយភាសារខ្មែរ ជេរ ប្រមាថ មកលើសមត្ថកិច្ច សន្តិសុខ ផ្អើលទាំងថ្ងៃថែមទៀត។

ជនជាតិអាមេរិចកាំងទាំង២នាក់ មិនស្គាល់ឈ្មោះឡើយ និយាយភាសារខ្មែរ ស្តាប់បាន ជេរប្រមាថហ៊ុយផ្សែង អួតក្អេងក្អាង ថាខ្លួនគេជាខ្សែអ្នកធំ ស្រុកខ្មែរ ហើយរូបគេទៀតសោតក៏ជា កូនខ្មែរដែរ ជិះរថយន្តមួយគ្រឿង ម៉ាក TUNTRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-9869 ។

ចំណែក បុរសម្នាក់ដែលទទួលរងដបទឹកសុទ្ធ ដោយសារជនជាតិបរទេសរូបនេះគប់ក្បាល មានឈ្មោះ ម៉ូ វន ហៅមុខគុជ ភេទប្រុស អាយុ៤៥ឆ្នាំ ជាកម្លាំងសន្តិសុខរបស់សាលាខណ្ឌពោធិ៍សែនជ័យ មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បុរសឈ្មោះ ម៉ូ វន បានចោទប្រកាន់ទៅលើជនបរទេស២រូប ជិះរថយន្តTUNTRA ខាងលើ បានគប់ដបទឹកសុទ្ធទៅលើខ្លួន ខណៈដែល ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្ថានភាពកំណាត់ផ្លូវកកស្ទះចរាចរណ៍ ស្របពេលនោះ រថយន្តបង្ក បើកតាមពីក្រោយ ហើយស៊ីផ្លេ ឲ្យជៀស ក្នុងស្ថានភាពផ្លូវស្ទះមិនដឹងជាទៅណារួច ធ្វើឲ្យជនបរទេសរូបនេះ ចុចស៊ីផ្លេហើយស៊ីផ្លេទៀត ហើយថែមទាំងគប់ដបទឹកសុទ្ធត្រូវចំក្បាល តែត្រូវមួកសុវត្ថិភាព មិនបង្កឲ្យរងរបួសទេ។ ប្រភពបន្តទៀតថា ក្រោយពីជនបរទេសគប់ដបទឹកសុទ្ធមកលើខ្លួន ក៏ហៅរថយន្តឲ្យឈប់ដើម្បីសាកសួរ ថាមានរឿងអ្វីបែរជាគប់បែបនេះ រថយន្តមិនឈប់ ថែមទាំងជេរទៀត បន្តបើករត់គេច នាំគ្នាប្រកាសតាមវិទ្យុទាក់ទង ដេញតាម រហូតដល់មុខរោងចក្រ SL ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ទើបឃាត់រថយន្តបាន បំណងសាកសួររកហេតុផល ត្រូវបាន ជនបរទេសទាំង២នាក់ចុះមក និយាយភាសារខ្មែរបាន ជេរប្រមាថ មកលើកម្លាំងសន្តិសុខ ប្រើពាក្យអសុរស មិនសមរម្យ ពួកគេជាខ្សែអ្នកធំ រឿងអ្វីមកឃាត់រថយន្តគេបែបនេះ ហើយព្យាយាមបើករថយន្តគេចបន្តទៀត ត្រូវបានកម្លាំងប្រជាការពារ សន្តិសុខ សមត្ថកិច្ច ប្រជាពលរដ្ឋ មកដល់កាន់តែច្រើន ឃាត់រថយន្តឲ្យឈប់សារជាថ្មី និយាយឲ្យដឹងសខ្មៅ ខណៈដែលសមត្ថកិច្ច ស្រែកប្រកាសតាមវិទ្យុទាក់ទង តាមចាប់ឃាត់សួរនាំ ទើបជនបរទេសទាំង២នាក់ បន្ទន់ឥរិយាបទ សុំទោស ទៅលើសមត្ថកិច្ចនិង ទៅលើបុរស ដែលគេគប់ដប់លើនោះ ចាប់ដៃគ្នា ជាការបញ្ចប់រឿង ហើយបើករថយន្តចាកចេញទៅបាត់ ៕

https://youtu.be/USg1SKFFcdE

មតិយោបល់