ភ្នំពេញៈ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកស្រី ថ្លាង ផាណែត ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ស្ត្រី២នាក់ ដាក់ពន្ធនាគារកំណត់រយៈពេល ៧ឆ្នាំក្នុងម្នាក់ៗ ក្រោមបទចោទប្រកាន់ សញ្ចារកម្ម ដោយនាំក្មេងស្រី យកទៅលក់ព្រហ្មចារីឱ្យភ្ញៀវដេកជាមួយ២យប់ ក្នុងតម្លៃ១.៥០០ដុល្លារ ទៅ២.០០០ដុល្លារ និងទទួលបានកម្រៃជើងសារចំនួន ៥០០ដុល្លារ ប្រព្រឹត្តនៅចំណុចផ្លូវ សម្តេច ជា ស៊ីម កែងផ្លូវចូលរមណីយដ្ឋានបឹងបៃតង ក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ យោងតាមមាត្រា ២៥ និងមាត្រា ២៨ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ជនជាប់ចោទទី១ឈ្មោះ អេង បុប្ផា ហៅម៉ោច ភេទស្រីអាយុ៣២ឆ្នាំ និងទី២ឈ្មោះ អ៊ិត ម៉ារីណែត ភេទស្រី ដែលកំពុងរត់គេចខ្លួន ត្រូវតុលាការសម្រេចចេញដីកាតាមចាបើខ្លួនមកអនុវត្តទោសនៅក្នុងពន្ធនាគារ។
នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ជនជាប់ចោទឈ្មោះ អេង បុប្ផា ហៅម៉ោច បានសារភាពថា នៅថ្ងៃកើតហេតុខ្លួនបាន នាំនារីរងគ្រោះចំនួន ៤នាក់ (មាន២នាក់នៅព្រហ្មចារី) ទៅជួបភ្ញៀវ ៤នាក់នៅរមណីយដ្ឋានបឹងបៃតង ដោយមានភ្ញៀវម្នាក់ព្រមទិញជនរងគ្រោះម្នាក់ដែលមានព្រហ្មចារី ក្នុងតម្លៃ១.៥០០ដុល្លារ ហើយបានកក់ប្រាក់១.០០០ដុល្លារមុន។
គួររំលឹកថា សមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ អេង បុប្ផា ហៅម៉ោច និងបានជួយ សង្គ្រោះជន រងគ្រោះ៤នាក់ទៀត ទី១ឈ្មោះ ប ស គ អាយុ១៥ឆ្នាំ ទី២ឈ្មោះ ម ព ន អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ស ន អាយុ១៨ឆ្នាំ និងទី៤ឈ្មោះ ទ ស ម អាយុ២៣ឆ្នាំ ព្រមទាំងដកហូត បានលុយ១.០០០ដុល្លារ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕
មតិយោបល់