ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរស២នាក់ស្លាប់និងរងបួស

បាត់ដំបង: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ ម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចនិយាមកា TV25500,47500 ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំងស្រុកកម្រៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ដែលរងរបួសធ្ងន់ និងស្លាប់ខាងលើនេះ ទី១មានឈ្មោះ ញ៉ឹម សំអ៊ុល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្តតាក់ស៊ី ស្នាក់នៅភូមិស្វាយមាស ឃុំកំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ជាអ្នកបើករថយន្ត តូយ៉ូតាកាមរី ស្លាប់នឹងកន្លែង) និងជនរងគ្រោះដែលរងរបួសធ្ងន់ម្នាក់ទៀតមិនទាន់ស្គាល់ពីអត្តសញ្ញាណនោះទេ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ យីឌុបសណ្តោងកន្ទុយ ពណ៌ខៀវ ក្បាលពណ៌កាប់ស្តាំង បើកបរដោយបុរសម្នាក់មិនស្គាល់ពីអត្តសញ្ញាណ ពាក់ស្លាកលេខ ភ្នំពេញ 3C-0679 ទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវលេខ៥៩ លុះបានមកដល់ចំណុចកើតហេតុ ក៏បានបើកទៅបុកជាមួយរថយន្ត ម៉ាកតូយ៉ូតាកាមរី ស៊េរីឆ្នាំ៩៥ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2C-1077 យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តតូយ៉ូតា កាមរី គាបជាប់ក្នុងកាប៊ីនរថយន្ត ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកអ្នករួមដំណើរជាមួយម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មណ្ឌលសុខភាពត្រាងស្រុកកម្រៀង។ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតផ្នែកក្បាលខាងមុខ ស្ទើរទាំងស្រុង រីឯអ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ យីឌុបសណ្តោងកន្ទុយ បានបើកទ្វារ រថយន្តរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលជំនាញ បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តទាំង២គ្រឿងយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកម្រៀង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

គ្រោះថ្នាក់ចរាចរណ៍

photo_2016-10-22_15-44-47

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់